សិល្បៈ​ជាតិ​៖​ នា​ព្រឹក​ថ្ងៃទី​ 20​ ខែ​មីនា​ ឆ្នាំ​ ២០២៣​ កម្មវិធី​សង្ក្រាន្ត​ NNP​ បាន​រៀប​ចំ​ពិធី​ក្រុង​ពាលី​ និង​ប្រកាស​ដំណើរការ​កម្មវិធី​ជា​ផ្លូវការ​ ក្រោម​អធិបតី​ភាព​របស់​លោក​ជំទាវ​ឧកញ៉ា​ ទ្រី​ ដាណា​ និង​បាន​គ្រង​នូវ​បុរាណ​ខ្មែរ​ ក្នុង​ឈុត​ «ព្រះនាង​ជ័យ​រាជា​ទេវី​» ។​

ក្រៅ​ពី​នោះ​ក៏​មាន​តារា​សិល្បៈ​ជា​ច្រើន​ដួង​បាន​ចូល​រួម​គ្រង​ឈុត​បុរាណ​ដូច​ជា​លោក​ សេង​ មង្គល​ អ្នកនាង​ ឱក​ សុគន្ធ​កញ្ញា​ លោក​ ឆឹម​ សក្កដា​ លោក​ ឡៅ​ បញ្ញា​ លោក​ តេង វាសនា​ លោក​ Tommy  កញ្ញា​ ពេជ្រ​ ចរណៃ​ កញ្ញា​ សុខ​ លីន​ ក្រុម​សិល្បករ​របាំ​បុរាណ​ ក្រុម​​យុទ្ធ​ក្រមខម​ ក្រុម​សម្ដែង​ក្បាច់​គុន​ល្បុក្កតោ​ រួម​ទាំង​តារា​សិល្បៈ​ និង​តារា​ TikTok ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​បាន​ចូល​រួម​។​

យ៉ាងណាមិញ លោកជំទាវឧកញ៉ា ទ្រី ដាណា បានថ្លែងនៅក្នុងថ្ងៃពិធីក្រុងពាលីថា លោកជំទាវពិតមានចិត្តសប្បាយនឹងរំភើបជាខ្លាំង ដែលលោកបានរៀបចំកម្មវិធីនេះឡើង និងបន្តផ្សព្វផ្សាយអំពីវប្បធម៌របស់ខ្មែរ រួមទាំងការគ្រងឈុតបែបបុរាណនេះផងដែរ។ លោកជំទាវរំពឹងថា សង្ក្រាន្ត NNP នឹងមានមហាជនមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ហើយកម្មវិធីនេះក៏នឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំតែម្ដង។

សូម​ជម្រាប​ថា​ សង្រ្កាន្ត​ NNP​ ក្រៅ​ពី​បង្ក​ភាព​សប្បាយ​រីករាយ​តាមរយៈ​ ការ​លេង​ល្បែង​ប្រជាប្រិយ​ រាំ​កម្សាន្ត​ ការ​សម្ដែង​ និង​ប្រគំតន្ត្រី​ហើយ​នោះ​ មហាជន​ក៏​ទទួល​បាន​នូវ​ការ​ដើរ​ទស្សនា​ និង​ទិញ​ទំនិញ​ជា​ច្រើន​មុខ​តាម​ស្ដង់​ផលិត​និង​អាហារ​ផង​ដែរ​។​

សង្រ្កាន្ត​ NNP​ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សារ​ភ្ជាប់​ភាព​សប្បាយ​រីករាយ​សម្រាប់​អំណរ​ឆ្នាំ​ថ្មី​ ជាមួយ​និង​ការ​ផ្សព្វផ្សាយ​ពី​ព្រលឹង​សិល្បៈ​ វប្បធម៌​ និង​បេតិកភណ្ឌ​ខ្មែរ​ ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ​ជា​មត៌ក​ ។ សង្រ្កាន្ត​ NNP  នឹង​រៀប​ចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៤ ​២៥​ និង​ ២៦​ ខែមីនា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​នៅ​លើ​ទីតាំង​ជាប់​វិមាន​ឈ្នះ​ឈ្នះ​៕​

Share.