បាត់ដំបង៖ លួចអំភ្លីចាក់ឃោសនាព្រះសង្ឃក្នុងវត្ត និងឆក់កាបូបតាមផ្លូវសាធារណ:ត្រូវសមត្ថកិច្ចនាំខ្លួនមនុស្ស ២នាក់បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង។

នគរបាលជំនាញបានប្រាប់ឲ្យដឹងថា នៅចុងសប្តាហ៍កន្លងមកនេះផ្នែកជំនាញបានបង្ក្រាប និងទប់ស្កាត់បទល្មើស ២ករណីបន្តបន្ទាប់គ្នាក្នុងនោះឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ក្នុងទីតាំងផ្សេងគ្នា និងដកហូតបានវត្ថុតាងបានមួយចំនួនទៀត។

ប្រភពខាងលើបន្តថា÷ ករណីទី ១ជនសង្ស័យបានចេញធ្វើសកម្មភាពទម្លុះទម្លាយបង្អួចកុដិរបស់ព្រះសង្ឃនៅក្នុងវត្តបញ្ញធិការាម ស្ថិតក្នុងក្រុមទី ០៦ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ហើយចូលលួចយកនូវគ្រឿងរំពងសំឡេងចំនួន ៣គ្រឿង។ ជនសង្ស័យឈ្មោះប៉ោយ សំអាត ភេទប្រុស អាយុ ១៩ឆ្នាំ មានទី លំ នៅក្នុងភូមិកំពង់ម្តោក ឃុំអូរដំបង២ សស្រុកសង្កែ ដោយឡែកចំពោះករណីទី ២ ជនសង្ស័យឈ្មោះឈឿន ចាន់រិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំស្នាក់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង បានធ្វើសកម្មភាពឆក់កាបូបរបស់ប្រជាពលរដ្ឋតាមដងផ្លូវបានសម្រេចមួយករណីទៀតនៅក្នុងភូមិសាស្ត្រក្នុងក្រុម ទី ០៤ ភូមិស្វាយព្រៃ ឃុំត្រាំង ស្រុកកំរៀង ក្រោយមកសមត្ថកិច្ចក៏ចុះស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។

ក្រោយទប់ស្កាក់ឆ្លើយតបជាមួយបទល្មើសខាងលើកម្លាំងបង្ក្រាបដកហូតបានវត្ថុតាងមួយចំនួនរួមមាន: អំភ្លីចំនួន ០៣គ្រឿង និងម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ បាត់ដំបង ១V-៧៨៨៦ ជាមធ្យាបាយជិះធ្វេីសកម្មភាព, ទូរស័ព្ទមួយគ្រឿង កាតចាក់វ៉ាក់សាំង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រាក់មួយចំនួនទៀតជារបស់ជនរងគ្រោះ។

ករណីនេះសមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបងតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.