រឿង​រ៉ាវ​ប្លែកៗ៖ វីដេអូបទ​ចម្រៀង​របស់​តារា​ចម្រៀង​​ល្បី​ឈ្មោះ​ Lee Seung Hwan ត្រូវ​បាន​បញ្ជា​ឱ្យ​លុប​ចោល​ព្រោះ​តែ​អ្នក​ទស្សនា​នាំ​គ្នា​ខ្លាច​និង​ព្រឺព្រួច​ព្រោះ​តែ​គេ​ជឿ​ថា​​បទ​ចម្រៀង​​ដែល​​​ថត​នៅ​​ស្ថានីយ​​រថភ្លើង​នោះ​មាន​ថត​ជាប់​ខ្មោច​ស្រី​។

រឿង​រ៉ាវ​នេះ​គឺជា​រឿង​ខ្មោច​ដែល​ធ្លាប់​ក្លាយ​ជា​ព័ត៌មាន​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដោយ​សារ​តែ​តារា​ចម្រៀង​ល្បី​ឈ្មោះ​បាន​ទៅ​ថត​វីដេអូ​​ MV ​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ ប៉ុន្តែ​បែរ​ជា​ថត​ជាប់​​នារី​អាថ៌កំបាំង​ម្នាក់​ដែល​ឈរ​​​នៅ​ត្រង់​កន្លែង​​មួយ​ដែល​​ពេល​ថត​មិន​មាន​អ្នក​ណា​នៅ​ឈរ​នោះ​ឡើយ​។ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​កាន់​តែ​ភ័យ​ខ្លាច​ទៀត​នោះ​ព្រោះ​ទីតាំង​ថត​ធ្លាប់​កើត​មាន​ហេតុការណ៍​ឃាតកម្ម​ ដ៏​រន្ធត់​មួយ​។

កាល​ពី​ឆ្នាំ​១៩៩៧​ តារា​ចម្រៀង​ Lee Seung Hwan និង​ក្រុម​ការងារ​កំពុង​ដុតដៃ​ដុត​ជើង​​គ្នា​ដើម្បី​ផលិត​អាល់​ប៊ុម​ចម្រៀង​ទី៥​​របស់​ខ្លួន​ ហើយ​បាន​ជ្រើស​រើស​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នៅ​ទី​ក្រុង​សេអ៊ូល​ជា​ទីតាំង​ថត​វីដេអូ​បទ​ចម្រៀង​មនោសញ្ចេតនា​របស់​ខ្លួន​។

នៅ​ក្នុង​បទ​ចម្រៀង​នេះ​ក្រៅ​ពី​ក្រុម​ការងាផលិត​ហើយ​នឹង​តារា​ចម្រៀង​ល្បី​ហើយ​នោះ​នៅ​មាន​បុគ្គល​អាថ៌កំបាំង​ម្នាក់​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ MV រំជួល​ព្រលឹង​នេះផង​ដែរ​។ ក្រោយ​បទ​ចម្រៀង​នេះ​ថត​ចប់​មិនមាន​ក្រុម​ការងារ​ណា​ចាប់​អារម្មណ៍​ភាព​មិន​ប្រក្រតី​នោះ​ឡើយ​ រហូត​ដល់​បទ​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​​ផ្សេងៗ​​ស្រាប់​តែ​មាន​អ្នក​សង្កេត​​មាន​មនុស្ស​ស្រី​ម្នាក់​ឈរ​​ក្បែរ​​អ្នក​បើក​រថយន្ត​ភ្លើង​ ដូច្នេះ​មហាជន​ក៏​ចាប់​ផ្ដើម​សង្ស័យ​ថា​តើ​នារី​ម្នាក់​នេះ​ជា​អ្នក​ណា​? ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រុម​ផលិត​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ឡើង​វិញ​ ព្រោះ​គិត​ថា​នារី​ម្នាក់​នោះ​អាច​ជា​ក្រុម​ការងារ​ផលិតរបស់​ខ្លួន​​ ប៉ុន្តែ​លទ្ធផល​​ក្រុមការងារ​ជា​នារី​ដែល​ទៅ​ថត​មិនមាន​អ្នក​ណា​ម្នាក់​មើល​ទៅ​មាន​ទ្រង់​ទ្រាយ​ដូច​ជា​នារី​ម្នាក់​ដែល​ថត​ជាប់​ក្នុង​ MV នោះ​ឡើយ​។

ចំណែក​អ្នក​បញ្ជា​ចង្កូត​រថភ្លើង​ក៏​បាន​ចេញ​មក​អះអាង​ដែរ​ថា​​មិនមាន​​នារី​ណាម្នាក់​ឈរ​នៅ​ក្បែរ​លោក​នោះ​ឡើយ​។នៅ​ពេល​ដែល​ការ​ស្រាវជ្រាវចេញ​មក​បែប​នេះ​ ធ្វើ​ឱ្យ​អ្នក​ដែល​ទស្សនា​វីដេអូ​​ចម្រៀង​នោះ​​នាំ​​គ្នា​ភ័យ​ខ្លាច​ ព្រោះ​បាន​ន័យ​ថា​ MV នេះ​ថត​ជាប់​ខ្មោច​ពិត​មែន​។ ទីបំផុត​ MV ត្រូវ​បាន​​ហាម​ឃាត់​ចាក់​ផ្សាយ​ ហើយ​ក្រុម​ការងារ​ក៏​ផលិត​វីដេអូ​ថ្មី​ដែលមិនមាន​ខ្មោច​វិញ។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រោយ​ពេល​ដែល​ស្ថានីយ​ទូរទស្សន៍ SBS ​បាន​​យក​វីដេអូ​នេះ​មក​វិភាគ​ក្នុង​កម្មវិធី​ព័ត៌មាន​របស់​ខ្លួន​ ក្រោយ​មក​ស្រាប់​តែ​មាន​អ៊ុំ​ស្រី​ម្នាក់​បាន​ខល​ទាក់ទង​មក​កម្មវិធី​ហើយ​ប្រាប់​ថា​នារី​ម្នាក់​នោះ​គឺ​បងស្រី​គាត់​ដែល​ត្រូវ​គេ​សម្លាប់​។ មុន​ទីតាំង​នេះ​ត្រូវ​បាន​កសាង​ជា​ស្ថានីយ​រថភ្លើង​ កាល​ពី​ឆ្នាំ​១៩៦១​ បរិវេណ​ក្បែរ​ទី​តាំង​នេះ​មាន​កើត​ហេតុ​ឃាតកម្ម​ ដោយ​មាន​​នារី​ម្នាក់​ត្រូវ​​បុរស​ម្នាក់​ជា​បងប្អូន​ជីដូន​មួយ​ច្របាច់​ក​សម្លាប់ ​ព្រោះ​តែ​នាង​មិន​ព្រម​ស្រលាញ់​ខ្លួន​ ហើយ​មូល​ហេតុ​នោះ​ព្រោះ​នាង​គិត​ថា​ជា​សាច់​ញាតិ​នឹង​គ្នា​។ សម្លាប់​រួច​គេ​បាន​បោះ​សាក​សព​ចោល​ក្នុង​ទន្លេហាន់​។ កម្មករ​ដែល​មក​ធ្វើ​ការសាង​សង់​នៅ​ទីនេះ​នាំ​គ្នា​អះអាង​ថា​ត្រង់​នោះ​លង​សាហាវ​ណាស់​ មាន​មនុស្ស​ជា​ច្រើន​នាក់​​​ត្រូវ​ខ្មោច​លង​។

ករណី​ឃាត​កម្ម​របស់​នាង​ត្រូវ​បាន​សើរើ​ឡើង​វិញ​ដោយ​បណ្ដាញ​សារព័ត៌មាន​នានា​ក្នុង​ប្រទេស​។ ខណៈ​នោះ​ដែរ​មាន​គ្រូ​បញ្ជាន់​រូប​ជា​ច្រើន​​ចេញ​មក​ដាស់តឿន​ថា​ កុំ​ចេញ​ព័ត៌មាន​នេះ​ទៀត​ ព្រោះ​វិញ្ញាណ​អាច​នឹង​មិន​ពេញ​ចិត្ត​​ ប៉ុ​ន្តែ​មិន​មាន​ព័ត៌មាន​ណា​ស្ដាប់​តាម​ឡើយ​។ ទីបំផុត​ស្រាប់​តែកើត​មាន​​ភ្លើង​ឆេះ​ក្នុង​ស្ថានីយ​រថ​ភ្លើង​ ដែល​ចៃដន្យ​​ដូច​នឹង​អ្វី​ដែល​គេ​បាន​ដាស់​តឿន​ទើប​គ្រប់​គ្នា​ភ័យ​ខ្លាច​។

រឿង​នេះ​ក៏​មាន​អ្នក​គៀប​សង្កត់​ឱ្យ​តារា​ចម្រៀង​និង​អាជ្ញាធរ​ដែល​គ្រប់​គ្រង​ស្ថានីយ​ចេញ​មក​អធិប្បាយ​ចំពោះ​រឿង​នេះ​ដោយ​ Lee Seung Hwan បាន​អះអាង​ថា​​ភាព​ពិត​ជាក់​ស្ដែង​មិន​មាន​ការ​រៀបចំ​​រឿង​នេះ​ទេ​ ចំណែក​អ្នក​ជំនាញ​ផ្នែក​កាត់​ត​បាន​ចេញ​មក​វិភាគ​ថា​​ MV នេះ​មិន​មាន​ការ​កាត់​ត​នោះ​ទេ គ្រប់​យ៉ាង​គឺ​ជា​ការ​ពិត​ រហូត​ធ្វើ​ឱ្យ​ MV នេះ​ក្លាយ​ជា MV ក្នុង​ប្រវត្តិសាស្ត្រ​ដែល​គ្រប់​គ្នា​ជឿ​ថា​​ថត​ជាប់​វិញ្ញាណ​។

​ប៉ុន្តែ​ក្រោយ​២០​​មក​ ​ពោល​កាល​ពី​ឆ្នាំ​២០២១ គេហទំព័រ Kbizoom បាន​ចុះ​ផ្សាយ​ថា​អ្នក​បើក​បរ​រថ​ភ្លើង​​ដែល​ស្ថិត​ក្នុង​បទ​ចម្រៀង​​នោះ​បាន​ចេញ​​មក​សារភាព​ថា​​​នារី​ដែល​នៅ​បទ​ចម្រៀង​នោះ​គឺ​ជា​មនុស្ស​ដែល​ខ្លួន​ស្គាល់​។ នារី​​នោះ​​ចូលចិត្ត​រថភ្លើង​​ហើយ​ឆ្ងល់​​ពី​ក្បាល​រថភ្លើង​ទើប​នាង​ទទូច​អង្វករ​លោក​សុំ​ឡើង​ទៅ​មើល​ ដូច្នេះ​ទើប​លោក​អនុញ្ញាត​ឱ្យ​នាង​ឡើង​មើល​​ ប៉ុន្តែ​អកុសល​បែរ​ជា​ត្រូវ​គេ​ថត​ជាប់​ក្នុង​បទ​ចម្រៀង​។ ការ​ដែល​​​អ្នក​បើក​លាក់​បាំង ​ព្រោះ​ករណី​​នេះ​ខុស​ច្បាប់​បើ​​ខ្លួន​សារភាព​ការ​ពិត​​ច្បាស់​ជា​​អស់​ការងារ​ ដូច្នេះ​​ទើប​​រួម​គំនិត​​គ្នា​លាក់បាំង​ការ​ពិត​រហូត​ដល់​អ្នក​បើក​បរ​ចូល​និវត្តន៍​ទើប​ចេញ​មក​ប្រាប់​​សារភាព​ការ​ពិត​។ ថ្វី​ត្បិត​ពេល​នេះ​គ្រប់​គ្នា​ដឹង​ការ​ពិត​ ប៉ុន្តែ​អនាគត​​​ Lee Seung Hwan ​ត្រូវ​បាត់​បង់​​មិន​អាច​ស្រោច​ស្រង់​បាន​ ​ចាប់​​តាំង​ពី​កើត​មាន​ហេតុ​ការណ៍​នោះ​​មក​។

​ទីបំផុត​ចម្ងល់​ដែល​ស្ថិត​នៅ​ជា​អាថ៌​កំបាំង​អស់​រយៈ​ពេល​២៦​ឆ្នាំ​ត្រូវ​បាន​ទម្លាយ​ ហើយ​ការ​ពិត​នោះ​គឺ​ក្នុង​បទ​ចម្រៀង​ខាង​លើ​មិន​​បាន​ថត​ជាប់​ខ្មោច​ស្រី​ដូច​ការ​សន្និដ្ឋាន​តាំង​ពី​ដំបូង​​នោះ​ឡើយ​៕

Share.