សិល្បៈជាតិ៖ រហូតមកទល់ពេលនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅតែបន្តមានការវែកញែកពីរឿងស្លៀកពាក់របស់លោកបណ្ឌិតច្នៃម៉ូដ ឯម រាម នៅក្នុងព្រឹត្តិការណ៍ PMA 2023។ ទាំងមហាជន តារាសិល្បៈ សុទ្ធបង្ហាញមតិផ្សេងៗគ្នាចំពោះរឿងនេះ។

ដោយឡែក តារាសម្ដែងស្រី នី មុនីនាថ ក៏បានចេញមកបង្ហោះសារបញ្ចេញមតិរបស់ខ្លួន ដោយកញ្ញាលើកឡើងថា ការស្លៀកពាក់របស់លោកបណ្ឌិតច្នៃម៉ូត ឯម រាម គឺជាការបង្ហាញអំពីជំនាញរបស់លោកនៅកម្ពុជា។ សូមឱ្យមហាជនឈ្វេងយល់ឱ្យអំពីអំពីសិល្បៈវប្បធម៌ និងការច្នៃម៉ូតបែបស្រមើស្រមៃ។

ក្នុងនោះ កញ្ញា នី មុន្នីនាថ បានសរសេររៀបរាប់ថា ៖ «ខ្ញុំឃើញគាត់ស្លៀកពាក់បែបនេះ ខ្ញុំឃើញបងប្អូនយើងមួយចំនួននាំគ្នាស្តីជេរគាត់ តែធាតុពិតគាត់ធ្វើបែបនេះគឺជាការបង្ហាញជំនាញរបស់គាត់ ដែលនៅកម្ពុជាយើង។ សូមឈ្វេងយល់ឲ្យច្បាស់អំពីសិល្បៈវប្បធម៌ និងការច្នៃម៉ូដបែបស្រមើស្រមៃ ។ ខ្ញុំសូមអធ្យាស្រ័យ មិនការពារគាត់ទេ គ្រាន់តែសុំឲ្យបងប្អូនសិក្សាឈ្វេងយល់និងបែងចែកឲ្យច្បាស់សិនណា បើមានការខ្វែងគំនិតគ្នា សុំកុំប្រើវប្បធម៌ជេរប្រទេចគ្នា។ សូមបញ្ចេញមតិកែតម្រូវ ឬរិះគន់ស្ថាបនាដោយសុជីវធម៌ »។

សូមជម្រាបថា លោក ឯម រាម ជា​អ្នក​រចនា​ម៉ូតបែបសហសម័យ ដែលមាន​ស្នាដៃ​លេចធ្លោ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។ លោក បានបញ្ចប់សញ្ញាបត្រ​ប​ណ្ឌិ​ត​ផ្នែក​រចនា​ម៉ូត​ពី​ប្រទេស​បារាំង កាលពី​ឆ្នាំ​២០០៧ ដែល​នៅគ្រានោះ លោកអាចធ្វើ​ការងារ​នៅ​ប្រទេស​បារាំង​ដោយ​ងាយស្រួល ប៉ុន្តែ​លោក​សុខចិត្ត​បោះបង់ និង​សម្រេចចិត្ត​ត្រឡប់មក​ប្រទេស​ខ្មែរ​វិញ ព្រោះ ចង់​លើកស្ទួយ​សិល្បៈ​ច្នៃ​ម៉ូត​ក្នុងប្រទេស​កំណើត​ឱ្យ​រីកចម្រើន និង​កាន់តែ​សម្បូរបែប​។​ សព្វថ្ងៃនេះ លោក ជា​គ្រូបង្រៀន​ផ្នែក​គំនូរ​ អ្នក​ច្នៃ​ម៉ូដ​គ្រឿងអលង្ការ មកុដ​ក្បាច់​ខ្មែរ​បុរាណ និង​រចនា​ម៉ូតសម្លៀកបំពាក់​ផងដែរ​។

Share.