គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ សមាជិកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើតាមតួលេខទទួលបានជាបឋមសុរបប្រមាណ ១១,៤៥៣នាក់។

នេះបើយោងតាមលោក ថោង ខុន មន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធ កីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

អត្តពលិកប្រមាណទាំង ១១,៤៥៣នាក់នោះមានមកពីប្រតិភូកីឡា៖
-ប៊្រុយណេ មានចំនួន ៨២នាក់
-កម្ពុជា មានចំនួន ១,៣១២នាក់
-ឥណ្ឌូនេស៊ី មានចំនួន ១,៧៣៦នាក់
-ឡាវ មានចំនួន ៥៨៣នាក់
-ម៉ាឡេស៊ី មានចំនួន ១,៤៤០នាក់
-ម៉ាយ៉ាន់ម៉ា មានចំនួន ៦៦៣នាក់
-ហ្វ៊ីលីពីន មានចំនួន ១,១២១នាក់
-សិង្ហបុរី មានចំនួន ១,២៧១នាក់
-ថៃ មានចំនួន ១,៨៥៥នាក់
-ទីម័រខាងកើត មានចំនួន ១៦៧នាក់
-វៀតណាម មានចំនួន ១,២២៣នាក់។

បើតាមលោក ថោង ខុន តួលេខខាងលើនេះអាចមានការប្រែប្រួល នៅដំណាក់កាលចុងក្រោយនៃការកំណត់ចំនួនប្រចាំប្រតិភូកីឡានីមួយៗ។ លោកបានចាត់ទុកការចូលរួមប្រកួតពីប្រតិភូកីឡាគ្រប់ប្រទេស គ្រប់ប្រភេទកីឡា គឺជាសញ្ញានៃកម្លាំងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អក្នុងមហាគ្រួសារចលនាអូឡាំពិកតំបន់ និង ជាសក្ខីភាពនៃការគាំទ្រយ៉ាងពេញទំហឹង ក្នុងដំណើរឆ្ពោះទៅជោគជ័យរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម Sea Games លើកទី៣២ នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ហើយការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ASEAN Para Games នឹងចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ហើយមាន ៣៦ប្រភេទវិញ្ញាសា៕

Share.