សិល្បៈជាតិ៖ « ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី» ជាពាក្យមួយឃ្លាខ្លីតែមានអត្ថន័យជាពិសេសសម្រាប់ការអនុវត្តក្នុងបរិបទសុខភាព។ មួយឃ្លានេះ បានជំរុញចិត្តឱ្យបណ្ឌិតច្នៃម៉ូដ ឯម រាម យកជាគំនិតមករចនាឈុតចងប៉ឹងច្នៃពីសំពត់ហូលខ្មែរ ដែលមើលទៅដូចជាហ្កេនរឹតរាងបែបហូលខ្មែរ។
យ៉ាងណាមិញមួយឈុតនេះ ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គម និងតារាសិល្បៈចូលរួមបញ្ចេញមតិផ្សេងៗគ្នា រហូតបានក្លាយជាប្រធានបទក្ដៅមួយដែលធ្វើឱ្យមានការវែកញែកអំពី សិល្បៈ វប្បធម៌ និងហ្វេសសិនបែបសហសម័យ។
តើលោក ឯម រាម ច្នៃម៉ូដមួយឈុតដែលគ្មានការឱ្យឈ្មោះ និងជាការច្នៃបែបស្រមើស្រមៃនេះ ក្នុងគោលបំណងអ្វី?
ឆ្លើយមកកាន់អ្នកសារព័ត៌មានត្រយងជាសារសំឡេង លោក ឯម រាម និយាយថា ដោយសារសព្វថ្ងៃនេះ គ្រប់គ្នាគឺចាប់អារម្មណ៍គាំទ្រចំពោះវិស័យបវរកញ្ញា ដែលម្នាក់ៗសម្លឹងមើលទៅលើ រូបរាង ដងខ្លួន ដៃ ជើង ដែលស្រឡូនស្រស់ស្អាតស្គមៗជាដើម។ ដូច្នោះហើយ ក្នុងការច្នៃម៉ូដរបស់លោក ក៏ត្រូវបានបង្ហាញពីរូបរាងកាយដូចគ្នា ដែលក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ពីការថែរក្សាសុខភាពរាងកាយ។ ហើយអ្វីដែលលោកនិយាយនេះ មិនមែនបង្អាប់ទៅដល់អ្នកដែលមានរូបរាងធាត់មិនស្គមនោះទេ។ ប៉ុន្តែដើម្បីឱ្យទាន់សម័យដែលគ្រប់គ្នាគាំទ្របវរកញ្ញា ទើបលោកចង់បង្ហាញរាងស្វែលដែលមានសុខភាពមាំមួនរបស់លោក។
បណ្ឌិតច្នៃម៉ូដរូបនេះ បន្តនិយាយទៀតថា ពាក្យមួយឃ្លា « ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី» បានជំរុញចិត្តឱ្យលោកច្នៃម៉ូដមួយនេះឡើង ព្រោះសង្គមនាពេលបច្ចុប្បន្ននេះ គឺគេតែងតែបង្អាប់ ឬ Buly ទៅលើអ្នកដែលមានរូបរាងធាត់ មិនស្គមដូចបវរកញ្ញា។ មួយឈុតនេះ គឺបានបង្ហាញពីការស្រឡាញ់ខ្លួនឯង និងការចេះគ្រប់គ្រងរបបអាហារ ជាពិសេស កាលណាបើយើងបណ្ដោយខ្លួនមិនគ្រប់គ្រងរបបអាហារមិនត្រឹមត្រូវនោះទេ នោះនាំឱ្យមនុស្សយើងងាយកើតជំងឺផ្សេងៗ ដូចជា ជំងឺទឹកនោមផ្អែម ជាដើម។
មួយវិញទៀត វិស័យសេដ្ឋកិច្ចប្រទេសកម្ពុជាគឺរីកចម្រើនខ្លាំង ទាំងបុរសនិងស្ត្រីមួយចំនួនបានប្រើប្រាស់ក្រណាត់ហ្កេនសម្រាប់រឹតរាង ដុតជាតិខ្លាញ់នៅពេលហាត់ប្រាណ។ លោកថាចង់ច្នៃឧបករណ៍រឹតរាងឱ្យស្អាត ឬហៅថា ហ្កេន នោះឯង បានមកក្លាយជាឈុតបែបសំពត់ប៉ឹងខ្មែរ ដែលបង្ហាញពីសិល្បៈហ្វេសសិនផង និងការស្រឡាញ់សុខភាពជាចំបងផង។



លោក ឯម រាម និយាយថា មួយឈុតដែលអ្នកលេងបណ្ដាញសង្គមគ្រប់គ្នាកំពុងគាំទ្រខ្លះ និងរិះគន់ខ្លះនេះ គឺមិនមែនអ្វីដែលថ្មីប្លែកសម្រាប់លោកនោះទេ ព្រោះ ពួកគេមិនទាន់ឈ្វេងយល់ពីលោក ហើយលោកក៏បានសិក្សាពីការច្នៃឈុតមួយនេះច្បាស់លាស់អស់ហើយ។
លោកថា កម្មវិធី PMA 2023 នោះក៏មានបុរសដែលស្លៀកឈុតបង្ហាញសាច់ទ្រូងដូចគ្នា តែហេតុអ្វីមិនត្រូវបានគេរិះគន់ ឬពួកគេរិះគន់និងរើសអើងប្រកាន់លើអ្នកភេទទី ៣។ ប៉ុន្តែលោកបញ្ជាក់ថា លោកមិនបានកែកុនសុដន់ ឬកែភេទ មកស្លៀកឈុតមួយនេះឯណា ដោយលោកគ្រាន់តែចង់បង្ហាញពីអ្វីដែលជាជំនាញរបស់លោកទេតើ។
សូមជម្រាបថា សម្រាប់លោក ឯម រាម មានអាជីពជាគ្រូបង្ហាត់ដំណើរបវរកញ្ញា ឬដំណើរបែប Cat Walk អ្នកគំនូរ ហើយក៏ជាអ្នកច្នៃម៉ូដម្នាក់ដែលនិយមបង្ហាញខ្លួនក្នុងឈុតហ្វេសសិនប្លែកៗផងដែរ។ រាល់ឈុតដែលលោកបានច្នៃ គឺតែងតែផ្សារភ្ជាប់ពីទម្រង់សិល្បៈខ្មែរដោយមិនចោលអត្តសញ្ញាណ។ បើទោះបីមានការរិះគន់ខ្លះ និងគាំទ្រខ្លះ នេះរាប់ទុកថាជាភាពជោគជ័យបន្ថែមមួយកម្រិតទៀតដែលគ្រប់គ្នាស្គាល់អំពី លោក ឯម រាម៕





