ឥស្សរជនគាំទ្រវិមានក្រឹមឡាំងដ៏លេចធ្លោបានរិះគន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចំពោះការចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីបទ ឧក្រិដ្ឋកម្មសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Moscow Time នាថ្ងៃ អង្គារ ទី ២១ ខែ ​មីនា ឆ្នាំ ២០២៣។

អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េតវីឌីវ (Dmitry Medvedev) ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខរបស់រុស្ស៊ី កាលពីថ្ងៃ ច័ន្ទ បានគំរាមកំហែងចៅក្រម ICC ជាមួយនឹងការបាញ់មីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេង។

លោក ម៉េតវីឌីវ បានបង្ហោះលើ Telegram កាលពីថ្ងៃ ច័ន្ទ ថា «វាពិតជាអាចទៅរួច ក្នុងការប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ Onyx បាញ់ចេញពីកប៉ាល់រុស្ស៊ីនៅសមុទ្រខាងជើង ឆ្ពោះទៅកាន់តុលាការក្រុង ឡាអេ។ ដូច្នេះចៅក្រម ICC ឧស្សាហ៍មើលមេឃដោយប្រុងប្រយ័ត្នផង»។

លោក ម៉េតវីឌីវ បានបន្ថែមថា ការវាយប្រហារដ៏មានសក្ដានុពលនេះនឹងមិនបង្កឲ្យមានសង្គ្រាមទេ ពីព្រោះ «តុលាការនេះគ្រាន់តែជាអង្គការអន្តរជាតិដ៏កំសត់មួយប៉ុណ្ណោះ មិនមែនជាប្រជាជននៃប្រទេសណាតូទេ»។

វិមានក្រឹមឡាំងកាលពីថ្ងៃ សុក្រ បានច្រានចោលដីកាចាប់ខ្លួនរបស់តុលាការ ICC ហើយបានចាត់ទុកថា «ដីកាគ្មានន័យ» ពីព្រោះប្រទេសរុស្ស៊ី មិនមែនជាប្រទេសហត្ថលេខីនៃលក្ខន្ដិកៈទីក្រុង រ៉ូម ដែលជាសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិដែលបានចុះហត្ថលេខាដោយប្រទេសចំនួន ១២៣ ដែលគ្រប់គ្រងដោយតុលាការជាន់ខ្ពស់នោះឡើយ។

យ៉ាងណាក៏ដោយសមាជិកសភារុស្ស៊ី បាននាំគ្នារិះគន់ចំពោះសេចក្ដីសម្រេចរបស់តុលាការ ICC បើទោះបីជាមានលទ្ធភាពទាប ដែលលោក ពូទីន នឹងត្រូវបានធ្វើបត្យាប័ន ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ក៏ដោយ។

ទន្ទឹមនោះលោក វីយ៉ាឆេសឡូវ វូឡូឌីន (Vyacheslav Volodin) ប្រធានសភាជាន់ទាបរបស់រុស្ស៊ី រដ្ឋឌូម៉ា បាននិយាយកាលពីល្ងាចថ្ងៃ សុក្រ ថា ទីក្រុងម៉ូស្គូចាត់ទុក «ការវាយប្រហារណាមួយលើប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីថាជាការឈ្លានពានប្រឆាំងនឹងប្រទេសរបស់យើង»។

ជាមួយគ្នា គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយថា ខ្លួនបានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងព្រះរាជអាជ្ញា ICC និង ចៅក្រម ៣នាក់ទៀត ដោយចាត់ទុកការចេញដីកាចាប់ខ្លួនលោក ពូទីន របស់ពួកគេថា «ពិតជារឿងខុសច្បាប់»៕

ប្រភព៖ The Moscow Times

Share.