ព្រះរាជាពិធីសុំព្រះអគ្គិកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដែលប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទរអង្គរវត្ត ក៏ដូចជាពិធីដង្ហែជុំវិញវង់តូចប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

(១) ព្រះអគ្គិកីឡាមានប្រវត្តិជាប់ទាក់ទងនឹងការប្រកួតកីឡាអូឡាំពិកនៅសម័យក្រិកបុរាណ ដែលរៀងរាល់ ពេលបើកការប្រកួតម្ដងៗ គេតែងតែសុំព្រះអគ្គីកីឡាពីព្រះអាទិទេពនៅភ្នំអូឡាំព្យាក្នុងប្រទេសក្រិក ដោយប្រារព្ធ ពិធីសុំព្រះអគ្គិអាទិទេព តាមទំនៀមទម្លាប់ និងប្រពៃណីវប្បធម៌យ៉ាងត្រឹមត្រូវ។

(២) នៅសម័យក្រិកបុរាណ ការសុំព្រះអគ្គិកីឡាពីព្រះអាទិទេពនេះ ត្រូវបានប្រារព្ធឡើងតាមរយៈការដាក់ ចំណាំងផ្លាតពន្លឺព្រះអាទិត្យបាញ់មកលើស្លឹកអូលីវស្ងួត រហូតបង្កាត់ចេញជាអណ្តាតភ្លើងឡើង។ ព្រះអគ្គិកីឡា ត្រូវបានអុជចម្លងពីព្រះអគ្គីអាទិទេពនេះ ហើយនាំយកទៅបំភ្លឺនៅកន្លែងប្រកួតដោយរក្សាមិនឲ្យរលត់រហូតដល់ ការប្រកួតកីឡាអូឡាំពិកនៅសម័យបុរាណត្រូវបានបញ្ចប់។

(៣) បន្ទាប់ពីបានកប់បាត់ក្នុងប្រវត្តិសាស្ត្រជាច្រើនពាន់ឆ្នាំ ទស្សនទានព្រះអគ្គិកីឡាអូឡាំពិកសម័យថ្មីត្រូវបាន បង្កើតឡើងដោយប្រតិបត្តិតាមលំនាំដើមក្នុងសម័យក្រិកបុរាណ ។ ពិធីសុំព្រះអគ្គិកីឡាពីព្រះអាទិទេពនៅភ្នំ អូឡាំព្យាត្រូវបានប្រារព្ធឡើង រួចដង្ហែនាំមកកាន់ទីកន្លែងប្រារព្ធពិធីបើកកីឡាអូឡាំពិក។ ព្រះអគ្គិកីឡាអូឡាំពិក បានក្លាយជានិមិត្តសញ្ញារបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលតំណាងឲ្យនិរន្តរភាពរវាងកីឡាសម័យ ទំនើប និងកីឡាសម័យបុរាណ។

(៤) ព្រះអគ្គិកីឡាបានបង្កប់នូវអត្ថន័យនៃអំណាចទេវៈ ថាមពល មិត្តភាព សាមគ្គីភាព និង និរន្តរភាព ដែលជា គុណតម្លៃសកលនៃទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃ ហើយបានក្លាយជាគំរូដ៏ល្អមួយនៅ ក្នុងការប្រកួតកីឡាធំៗផ្សេងទៀត រួមទាំងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងការប្រកួតអាស៊ានប៉ារ៉ាហ្គេម ផងដែរ។

(៥) ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំ ប្រារព្ធឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាដែនដីអច្ឆរិយៈបង្កប់ដោយប្រពៃណី ទំនៀមទម្លាប់ សិល្បៈ និងវប្បធម៌ដ៏ចំណាស់មួយនៅក្នុងតំបន់។

(៦) ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កម្ពុជាក៏បានផ្តួចផ្តើមរៀបចំឲ្យមានព្រះរាជពិធីសុំព្រះអគ្គិកីឡាពីព្រះអាទិទេពសម្រាប់ព្រះអគ្គិកីឡា អាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ព្រមទាំងរៀបចំពិធីរត់ដង្ហែព្រះអគ្គីកីឡានេះនៅតាមបណ្តាប្រទេស ក្នុងតំបន់អាស៊ាន និងនៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសផងដែរ។

(៧) ព្រះរាជពិធីសុំព្រះអគ្គីអាទិទេព និងព្រះប្រទានព្រះអគ្គិកីឡានេះនឹងប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាពដ៏ ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ និងគួរឲ្យស្ញប់ស្ញែង ដែលនៅក្នុងទេវកថាគឺជា កន្លែងដ៏ពិសិដ្ឋនៃទីប្រសព្វរវាងឋានទេវៈ និងឋានកណ្ដាល។ ក្រុមបាគូនឹងរៀបចំចង្កៀងព្រះអគ្គិស្រូបយក ព្រះអគ្គិពីកម្ដៅព្រះអាទិត្យទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ហើយបន្ទាប់មក ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ទ្រង់យាងព្រះប្រទានព្រះអគ្គិកីឡាដោយយកគប់ភ្លើងកីឡាទៅអុជចម្លងពីព្រះ អគ្គិអាទិទេពដែលបានធ្វើព្រះរាជពិធីសុំពីព្រះអាទិត្យ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះ ប្រទានព្រះអគ្គីកីឡាជូនទៅថ្នាក់ដឹកនាំសំខាន់ៗក្នុងរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ចុងក្រោយ ព្រះអគ្គិកីឡានឹងត្រូវប្រគល់ជូនកីឡាករឆ្នើមម្នាក់ អមដោយកីឡាករ កីឡាការិនីមួយក្រុម និងក្រុមកីឡា គុនល្បុក្កតោ ដើម្បីរត់ដង្ហែព្រះអគ្គីកីឡាជុំវិញវង់តូចប្រាសាទអង្គរវត្ត។

(៨) ព្រះអគ្គិកីឡានៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ គឺជាព្រះអគ្គិកីឡាប្រកបដោយអច្ឆរិយភាព ដែលមិនត្រឹមតែឆ្លុះបញ្ចាំងអំពីអំណាចទេវៈ ថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះអគ្គីតំណាងឲ្យភាពរុងរឿងនៃកីឡានៅក្រោមម្លប់ន សន្តិភាព និងការអភិវឌ្ឍ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា “កីឡារស់ក្នុងសន្តិភាព”។

ក្រោយព្រះរាជពិធីខាងលើ ព្រះអគ្គិកីឡា នឹងត្រូវរក្សាក្នុងចង្កៀងពិសេសមួយ នៅវត្តរាជបូណ៌ ខេត្តសៀមរាប ដើម្បីរង់ចាំពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ដោយនឹងត្រូវចេញពីខេត្តសៀមរាប នាល្ងាចថ្ងៃទី២២ ខែមីនា នេះ ដើម្បីឆ្ពោះទីក្រុងហាណូយ ប្រទេសវៀតណាម មុនគេ ហើយដង្ហែឆ្លងកាត់ប្រទេស ជាបន្ដបន្ទាប់ រហូតដល់ប្រទេសឡាវក្រោយគេ មុនត្រឡប់ចូលមកកម្ពុជាវិញ៕

Share.