កំពង់ឆ្នាំង ៖ បុរសម្នាក់ខំជិះម៉ូតូធ្វើដំណើរខេត្តពីខេត្តតាកែវ ឆ្ពោះទៅមើលប្រពន្ធឆ្លងទន្លេនៅឯខេត្តពោធិ៍សាត់ ទើបដល់ខេត្តកំពង់ឆ្នាំង ត្រូវបានរថយន្តជនជាតិចិនបុកស្លាប់ យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នម វ៉ាន់ស៊ីន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិព្រៃស្លឹក ឃុំព្រែស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានប្រពន្ធនៅឯស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1V-3311 ងើបតាំងពីយប់ ជិះម៉ូតូចេញពីខេត្តតាកែវ ក្នុងគោលបំណងទៅមើលប្រពន្ធឆ្លងទន្លេ នៅឯស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ តាមបណ្តោយផ្លូវជាតិលេខ៥ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត ម៉ាកAlphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-9188 បើកបរដោយបុរសជាជនជាតិចិន បើកច្រាសទិសបុកជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តតាកែវ ចំណែករថយន្តបង្ក អ្នកបើកបរជាជនជាតិចិន ម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.