សិល្បៈជាតិ៖ ឧបករណ៍​ទ្រ​ខ្សែ​២​នៅ​ក្នុង​ កម្ពុជា​មាន ៖ ទ្រអ៊ូ (វង់ភ្លេង​មហោរី) ទ្រអ៊ូ​ចំហៀង (វង់ភ្លេង​បាសាក់) ទ្រ​ធំ ទ្រសោ​ធំ ទ្រសោ​តូច ទ្រឆេ​អ៊ូ ទ្រឆេ​សោ ។

ទ្រ​ទាំង​អស់​នេះ​មាន​ខ្សែ​សំនៀង​២ ខ្សែ​តូច​ឈ្មោះ​ខ្សែ​ឯក ខ្សែ​ធំ​ឈ្មោះ​ខ្សែ​គ ។ មាន​ព្រលួត​២​សម្រាប់​រឹត​ខ្សែ​សំនៀង ។ មាន​ខ្សែ​ក​ ដូច​គ្នា​សម្រាប់​ចង​ខ្សែ​សំនៀង​ទាំង​២​ឱ្យ​កៀក​ទៅ​នឹង​ដង​ត្រង់​ក្រោម​ ព្រលួត ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រើ​ម្រាមដៃ​ចុច​លើ​ខ្សែ ។ មាន​យ៉ង ​ប្រហាក់​ប្រហែល​គ្នា​ដាក់​លើ​សន្ទះ​ដើម្បី​ទ្រ​ខ្សែ​សំនៀង​ឱ្យ​ផុត​ពី​គែម​ បំពង់​សំនៀង ។

ពួក​ទ្រ​បែប​នេះ​ត្រូវ​ដាក់​ខ្សែ​ឆាក​ក្នុង​ចន្លោះ​ខ្សែ​សំនៀង​ទាំង​២​ មិន​ដាក់​ក្រៅ​ដូច​ឆាក​ទ្រខ្មែរ​ទេ ។ ខ្សែ​ឆាក​ធ្វើ​ អំពី​សំណុំ​សរសៃ​សូត្រ សំណុំ​ជក់​ត្នោត​ សំណុំ​កន្ទុយ​សេះ ឬ​សំណុំ​សរសៃ​ធាង​ម្នាស់ កាលពី​សម័យ​មុន ប៉ុន្ដែ​បច្ចុប្បន្ន​នេះ គេ​យក​សំណុំ​សរសៃ​ជ័រ​នីឡុង​ឆ្មារៗ​មក​ប្រើ​ជំនួស​វិញ ។ គេ​យក​ជ័រ​ឈើ​ស្រល់​មក​រូត​ចុះ​ឡើង​លើ​ខ្សែ​ឆាក​ដើម្បី​ឱ្យ​ខ្សែ​ឆាក​ជាប់​ ជិត​ស្អិត​ងាយ​នឹង​ទាញ​សំនៀង​ចេញ​ពី​ខ្សែ​ទាំង​ពីរ ។ ខ្សែ​សំនៀង​ សម័យ​ដើម​ធ្វើ​អំពី​សរសៃ​សូត្រ​វេញ​ចូល​គ្នា បច្ចុប្បន្ន​នេះ គេ​ប្រើ​ខ្សែ​លោហធាតុ​ជំនួស​វិញ ។ ដង និង​ព្រលួត​ច្រើន​តែ​យក​ឈើ​រឹង​មក​ធ្វើ​ ដូចជា ឈើ​នាងនួន ឈើខ្មៅ ឈើ​គ្រញូង ។ល។ ចំណែក​ឯ​បំពង់​សំនៀង​គេ​យក ៖

-ចំពោះ​ទ្រអ៊ូ​មហោរី គេ​យក​ត្រឡោក​ដូងធំ​ៗ មាន​រាង​ដូច​ក្បាល​ដំរី​មក​ធ្វើ យក​ស្បែក​ពស់​មក​ពាស​ធ្វើ​ជា​សន្ទះ ។

-ចំពោះ​ទ្រអ៊ូ​ចំហៀង គេ​យក​ត្រឡោក​ដូង​ធម្មតា​មក​កាត់​យក​ពាក់​កណ្ដាល​មក​ធ្វើ យក​ឈើ​ស្រាល​ធ្វើ​សន្ទះ ។

-ចំពោះ​ទ្រ​ធំ កាលពី​សម័យ​ដើម គេ​យក​ប៉ោត​ប្រេងកាត​ជ្រុង​ធុន​ធំ​មក​ធ្វើ បច្ចុប្បន្ន​គេ​យក​ឈើ​ល្អ​មក​ក្រឡឹង​លុង​ធ្វើ​ជា​បំពង់​សំនៀង ។

-ចំពោះ​ទ្រសោ​ធំ គេ​យក​ស្នូក​អណ្ដើក ឬ​បំពង់​ឫស្សី​ធុន​ធំ​ល្មម​មក​ធ្វើ បច្ចុប្បន្ន​ធ្វើ​អំពី​បំពង់​ឈើ ។

-ចំពោះ​ទ្រសោ​តូច ទ្រឆេ​អ៊ូ ទ្រឆេ​សោ គេ​យក​បំពង់​ឫស្សី​តូច​ល្មម​មក​ធ្វើ ឥឡូវនេះ​គេ​ក្រឡឹង​លុង​ឈើ​ល្អ​ៗ​ ដូចជា ឈើ​នាងនួន ឈើ​បេង ឈើខ្មៅ ឈើ​គ្រញូង ឬ​ភ្លុក​ដំរី​ធ្វើ​ជា​បំពង់​ជំនួស​វិញ ។ ពួក​ទ្រ​នេះ​គេ​យក​ស្បែក​ពស់​មក​ពាស​ធ្វើ​ជា​សន្ទះ ។

-ចំពោះ​ទ្រ​មាន​ខ្សែ​២ ទាំង​អស់​នេះ​នៅ​ពេល​កូត​ម្ដងៗ គេ​ប្រើ​គល់​ម្រាមដៃ​សម្រាប់​ចុច​លើ​ខ្សែ​សំនៀង មិន​ប្រើ​ចុង​ម្រាមដៃ​ដូច​ការ​កូត​ទ្រ​របស់​ជនជាតិ​ចិន​ឡើយ ។

សូមជម្រាប អត្ថបទបន្ទាប់នេះ ត្រយងនឹងផ្សាយអំពីតួនាទីសំខាន់របស់ទ្រខ្សែ ២ ក្នុងវង់ភ្លេងជាបន្តទៀត៕

Share.