ឯកឧត្តម ស សុខា ប្រធានក្រុមការងារកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ក្រុម​ការងារ​កម្មវិធី​ភូមិ​បេតិកភណ្ឌវប្បធម៌ និងក្រុមការងារកម្មវិធីគុនល្បុក្កតោ និងលោកជំទាវ កែ សួនសុភី បានធ្វើពិធីសែនក្រុងពាលីបួងសួងសុំសេចក្តីសុខ និងបើកការដ្ឋាន សាង​សង់ភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រៀមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ​របស់​ក្រុម​ការងារក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែល​បាន​ប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

ពិធីក្រុងពាលីបើកការដ្ឋាន គឺជាពិធី​ដែល​រៀប​ចំឡើង​ដើម្បី​បួង​សួង​សុំ​ទឹក​ដី និង​ទី​កន្លែង​ដើម្បី​បើក​ការ​ដ្ឋាន​សាងសង់សម្រាប់​ធ្វើ​ការ​រៀប​ចំ​ទីតាំង​ព្រឹត្តិការណ៍ និង​សុំ​សេចក្ដី​សុខ​សប្បាយ​ជូន​ដល់​ក្រុ​ម​ការងារ​រៀបចំ​ទាំង​អស់​ឲ្យ​ទទួល​បាន​នូវ​ជោគជ័យ​គ្រប់​ភារកិច្ច​ដោយ​រលូន​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ២០២៣ និង​សម្រាប់​បូជា​ក្រុង​ពាលី​ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​សមាជិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្នាក់​ដឹក​នាំ មន្ត្រី​រាជការ អាជ្ញាធរមានសមត្ថកិច្ច និង​សិស្សានុសិស្ស​នៃ​ខេត្ត​សៀមរាប។

ក្រុម​ការងារ​នឹង​រៀប​ចំ«ភូមិ​ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម» ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែល​មាន​ទីតាំងនៅ​ក្បែរ​ប្រាសាទបាយ័ន ក្នុង​គោល​បំណងបង្ហាញនិងផ្សព្វផ្សាយឲ្យបាន​ទូលំទូលាយ អំពី​ព្រះរាជាណាចក្រកម្ពុជាក្នុង​ភាព​ជាម្ចាស់​ផ្ទះ​នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទិ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទិ១២ ក្រោម​ប្រធានបទ «កីឡារស់ក្នុងសន្តិភាព»ព្រម​ទាំង​ចូល​រួម​ចំណែក​ជំរុញ​និង​លើកទឹក​ចិត្ត​ប្រជាជន​កម្ពុជា​ក្នុង​ការ​លើកតម្កើនមោទកភាពជាតិ ភាព​ដ៏សម្បូរបែប​និង​សក្ដានុពល​របស់​កម្ពុជា​លើកឆាក​ជាតិ និងអន្តរជាតិ៕

Share.