សិល្បៈជាតិ៖ ឆ្នាំ​នេះ​មុន​គេ​តែ​ម្ដង​ កញ្ញា​ ស៊ីន​ យូប៊ីន​ តែង​កាយ​ជា​ទេពធីតាសង្ក្រាន្ដព្រះនាម «​កិមិរាទេវី​» បុត្រីទីប្រាំមួយនៃកបិលមហាព្រហ្ម បង្ហាញជូនបានមហាជនបានគយគន់ពីសម្រស់។

បើតាមការបញ្ជាក់ពីហ្វេសប៊ុកជូនពរបានឱ្យដឹងថា មួយឈុតដែលកញ្ញា ស៊ីន យូប៊ីន បានគ្រង និងតុបតែងតំឡើងគ្រឿងលើកាយ គឺបានដកស្រង់ច្នៃម៉ូដតាមគំនូរបុរាណខ្មែរ ដោយក្រុមសិល្បករ ​Botramohar Art។ យ៉ាងណាមិញ គេឃើញមានអ្នកគាំទ្ររបស់កញ្ញា ស៊ីន យូប៊ីន បានលាន់មាត់សរសើរមិនដាច់ពីមាត់ ចំពោះការផ្សព្វផ្សាយ និងលើកស្ទួយដល់វប្បធម៌របស់ខ្មែរយើងនេះ។

គួរជ្រាបបន្ថែមថា ផ្អែកតាមសៀវភៅមហាសង្ក្រាន្ដខ្មែរបានឱ្យដឹងថា បើតាមទំនៀមមហាសង្ក្រាន្តចូលឆ្នាំថ្មីនេះ​នឹងរំកិលចូលមកដល់នៅថ្ងៃសុក្រ ៩រោជ ខែចែត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ នា វេលាម៉ោង១៦និង០០នាទី។ តាមការនឹងគន់គូរមហាសង្ក្រាន្តឆ្នាំថ្មី​ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិត នៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្តាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិមិរាទេវី ជារាជបុត្រីទី៦នៃកបិលមហាព្រហ្មគង់ នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌សេត (ស) លម្អនៅព្រះកាណ៌ដោយសៀតផ្កាចង្កុលណី អភរណៈបុស្សរាគ័ម ភក្សាហារទ្រង់ចេកណាំវ៉ា ព្រះហស្តស្តាំទ្រង់ ព្រះច័ន្ទ ព្រហស្តឆ្វេងទ្រង់ពិណ ទ្រង់គង់អង្គុតពាក់ឆៀងបើកព្រះនេត្រនៅ លើខ្នង មហឹង្សា (ក្របី) ជាយានពាហនៈ។

ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវធម្មមាលីនាទីភ្នំកៃលាសខេត្តហិមពាន្តជាទីតំកល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះ អាទិត្យចរចំនួន៦០នាទី។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវ ធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពី បំពង់ថ្មកែវដែលជាមាត់គោឧសភរាជទាំង៧ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យហើយនាំគ្ន ចូលទៅសមាទាន រក្សាសីលដោយសោមនស្សរីករាយគ្រប់ ៗ ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើន នូវសិរីសួស្តីជ័យមង្គលជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មី ចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ ។

Share.