ការបំពុលខ្យល់បានកើនឡើងនៅក្នុងទីក្រុង ប៉េកាំង នាថ្ងៃ ពុធ សប្ដាហ៍នេះ ខណៈទីក្រុងរបស់ប្រទេសចិនជាច្រើនត្រូវបានវាយប្រហារដោយព្យុះខ្សាច់ដ៏ធំ ហើយធូលីក៏បានគ្របដណ្ដប់តំបន់ផ្សេងទៀតនៃប្រទេស ជាមួយនឹងអ័ព្ទពណ៌ទឹកក្រូចដ៏អាក្រក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ២២ ខែ មីនា ឆ្នាំ ២០២៣។

សន្ទស្សន៍គុណភាពខ្យល់ផ្លូវការនៅទីក្រុង ប៉េកាំង បានឈានដល់កម្រិតអតិបរមា ៥០០ ដែលបង្ហាញពីការបំពុលដ៏ធ្ងន់ធ្ងរ។

អាជ្ញាធរបានចេញការព្រមានអំពីអាកាសធាតុ និង បានព្រមានប្រជាជនឲ្យកាត់បន្ថយសកម្មភាពនៅខាងក្រៅរបស់ពួកគេ ខណៈដែលការមើលឃើញរបស់មនុស្សបានធ្លាក់ចុះតិចជាង ១គីឡូម៉ែត្រ (ចម្ងាយឆ្ងាយពីនេះមើលគ្នាលែងឃើញ) នៅក្នុងតំបន់មួយចំនួននៃទីក្រុង ប៉េកាំង កាលពីព្រឹកថ្ងៃ ពុធ។

នៅតំបន់ភាគខាងជើង និង ភាគពាយ័ព្យ របស់ប្រទេសចិន ខ្យល់បក់ខ្លាំង និង ធូលី បានប្រែក្លាយផ្ទៃមេឃទៅជាពណ៌ទឹកក្រូច ហាក់ដូចជាកាត់បន្ថយការមើលឃើញតិចជាង ២ ទៅ ៣រយម៉ែត្រ នៅកន្លែងមួយចំនួន។

អាជ្ញាធរបាននិយាយថា ការបំពុលភាគច្រើនត្រូវបានជំរុញដោយកំហាប់ខ្យល់ PM10 ដែលមានភាគល្អិតតូចល្មមអាចឲ្យយើងស្រូបចូលក្នុងខ្លួនបាន ហើយអាចធ្វើឲ្យបញ្ហាផ្លូវដង្ហើម និង សុខភាពផ្សេងៗទៀតកាន់តែធ្ងន់ធ្ងរឡើង។

សេវាកម្មអាកាសធាតុរបស់ប្រទេសចិន កាលពីថ្ងៃ ពុធ បានចេញការព្រមានពណ៌លឿងសម្រាប់ធូលីនៅទូទាំងតំបន់ភាគខាងជើង និង ភាគពាយព្យសម្រាប់រយៈពេល ២៤ម៉ោងចាប់ពីម៉ោង ៨ព្រឹក (ម៉ោងក្នុងស្រុក)។

សេវាកម្មអាកាសធាតុបានបន្ដថា ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់គួរតែធ្វើការងារក្នុងផ្ទះ បិទទ្វា បិទបង្អួច ដោយជំរុញឲ្យមនុស្សក្មេង ចាស់ ប្រុស ស្រី គួរតែពាក់ម៉ាស់នៅពេលចេញទៅក្រៅ។ ជាពិសេស កុមារ មនុស្សចាស់ និង មនុស្សដែលមានអាឡែហ្ស៊ីផ្លូវដង្ហើម និង លក្ខខណ្ឌពិសេសផ្សេងទៀត គួរតែ «កុំព្យាយាមចេញទៅខាងក្រៅ»។

យោងតាមសេវាអាកាសធាតុបានបន្ថែមថា ព្យុះនេះត្រូវបានគេរំពឹងថា នឹងចុះខ្សោយចាប់ពីថ្ងៃព្រហស្បតិ៍ នេះតទៅ។

សូមជម្រាបថា ព្យុះធូលីគឺជារឿងធម្មតាទៅហើយនៅទូទាំងភាគខាងជើង ប្រទេសចិន នៅពេលនិទាឃរដូវ ដោយសារតែការប្រែប្រួលនៃខ្យល់បោកបក់ខ្លាំងពាសពេញតំបន់ដែលមានអាកាសធាតុស្ងួតខ្លាំង។ ទីក្រុងប៉េកាំងប្រឈមមុខនឹងព្យុះខ្សាច់ជាទៀងទាត់នៅក្នុងខែ មីនា និង ខែ មេសា ដោយសារតែវានៅជិតវាលខ្សាច់ Gobi ដ៏ធំ ក៏ដូចជាការកាប់បំផ្លាញព្រៃឈើនៅទូទាំងភាគខាងជើងប្រទេសចិន៕

ប្រភព៖ CNA

Share.