សិល្បៈជាតិ៖ បញ្ហាអ្នកនិពន្ធបទល្បីៗ សុន រដ្ឋា ធ្លាប់សន្យាជួយជ្រោមជ្រែងអតីតបេក្ខភាពប្រឡង Cambodian Idol រដូវកាលទី ៤ គឺលោក ឈិន រ័ត្ន ក្រោយពេលប្រឡងចម្រៀងចប់ តែស្ងាត់គ្មានសកម្មភាពនោះ បានក្លាយជាបញ្ហារសើបនៅក្នុងរង្វង់សិល្បៈនាពេលថ្មីៗនេះ។

ដើមចមនៃរឿងនេះ ត្រូវបានគេឃើញថា អតីត​បេក្ខភាពដ៏លេចធ្លោ Cambodian Idol រដូវ​កាល​ទី ៤ រូបនេះធ្លាក់ខ្លួន​មក​បញ្ចូល​ហ្គាស​លក់ ក្រោយ​រង់ចាំ​ការ​សន្យា​របស់​អ្នកនិពន្ធ​ល្បី​ឈ្មោះ​ សុន រដ្ឋា បៀបដូចសិលាចាំប្ដី។ យ៉ាងណាមិញ ខាងភាគីជាអ្នកនិពន្ធមិនបានកន្ដើយពីរឿងនេះឡើយ ដោយលោកទម្លាយអត្តចរិតមួយចំនួនរបស់ ឈិន រ័ត្ន និងរបៀបធ្វើការងាររបស់លោក ឱ្យមហាជនបានដឹង។

លោក សុន រដ្ឋា រៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «ក្រុមបងមានចេតនាអីជាមួយខ្ញុំឲ្យពិតប្រាកដបង ម្តងជាពីរដង? បងទិញជញ្ជីងហើយថ្លឹងរឿងឲ្យស្មើ។ ខ្ញុំអត់ការងារធ្វើជាងកន្លះឆ្នាំ តាំងចប់ការងារនៅប្រទេសថៃជាមួយអនុស្សាវរីយ៍ តើឲ្យខ្ញុំជួយលោករ័ត្នហ្នឹងទាំងដែលខ្ញុំនឹងក្រុមគ្រួសារកំពុងពិបាករឿងសេដ្ឋកិច្ចហ្នឹងមែនទេ? ខ្ញុំទើបតែចុះកុងត្រាថ្មីនៅទ្រនុំថ្មីមិនទាន់បាន១ខែផង ពុំទាន់បានប្រុងប្រៀបនឹងជួយលោកឯង(ឈិនរ័ត្ន)ផង បកចឹកបាត់ហើយ ។ ហើយលុយភ្លេង លោករ័ត្នគួរតែសួរនឹងចូលរួមចំណែកជួយបើលោកចង់បានឲ្យខ្ញុំជួយខ្លាំង ឬលោករ័ត្នចង់បាននំអត់ចាយលុយ? ជាង១២ឆ្នាំក្នុងសិល្ប: ខ្ញុំជួយអ្នកចម្រៀងច្រើនសមគួរដែរ ហេតុអីមកផ្តល់សម្ពាធឲ្យខ្ញុំតែលោករ័ត្នហ្នឹងមួយ? បងយកព័ត៌មានខ្ញុំទៅផ្សាយផង កុំធ្ងន់ម្ខាងស្រាលម្ខាង ខ្ញុំនឹងក្រុមគ្រួសារចង់ដេកលក់ស្រួល អហោសិកម្មឱ្យគ្នាចុះ ក្រុមគ្រួសារខ្ញុំគឺមានភាពចាំបាច់ជាងត្រូវរើសជម្រើសជួយអ្នក(លោករ័ត្ន)»។

ដោយឡែក តារាចម្រៀង ឈិន រ័ត្ន បានបង្ហោះវីដេអូដោយធ្វើការបកស្រាយថា លោកមិនចង់មានបញ្ហាជាមួយនឹងលោក សុន រដ្ឋា នោះទេ ហើយលោកក៏មិនមានអ្វីដាក់សម្ពាធឱ្យលោក រដ្ឋា នោះដែរ។ លោកថា លោកមិនមានបំណងចង់ឱ្យលោក​រដ្ឋា ជួយជ្រោមជ្រែងលោកដោយបាតដៃទទេនោះទេ ។ ឈិន រ័ត្ន សង្កត់ធ្ងន់ថា លោក សុន រដ្ឋា​ គឺមានចេតនាចង់ជាន់ពន្លិចលោក ហើយលោកផ្ដាំថា បើស៊ីនំក៏ត្រូវតែឱ្យលុយហើយ មិនដែលស៊ីនំហើយមិនឱ្យលុយនោះទេ។

សូមជម្រាបថា តារាចម្រៀង ឈិន រ័ត្ន បានសុំបញ្ចប់បញ្ហាមួយនេះជាមួយអ្នកនិពន្ធ សុន រដ្ឋា ត្រឹមនេះដោយលោកសំអាងថា នៅលើវិថីសិល្បៈគឺគង់តែមានថ្ងៃដែលជួបមុខគ្នាតទៅទៀត ដូច្នោះហើយលោកមិនចង់មានបញ្ហាជាមួយលោក សុន រដ្ឋា បន្តទៅទៀតទេ៕

Share.