បន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចអាវុធហត្ថ បានកលាងសំណុំរឿងបញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ក្រោយរកឃើញថា ជនសង្ស័យទាំង៣នាក់ បានប្រើហិង្សាទៅលើជនជាតិចិននៅក្នុងរថយន្តឲ្យមានរបួសជាច្រើនកន្លែង។ ហើយរថយន្តបានបើកទៅបុកជាមួយម៉ូតូកង់បីដឹកស្រាបៀរនៅក្រុងប៉ោយប៉ែត។

កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ មានករណីជនជាតិថៃ និងចិនមួយក្រុមមានគ្នា៥នាក់ បើករថយន្តម៉ាកLexus RX330 ពាក់ស្លាកលេខភ្នំពេញ.2BC-5949 ពណ៌ទឹកប្រាក់ បើកបរក្នុងល្បឿនលឿនហើយរ៉េចុះឡើង បានជ្រុលបុកកង់បីស្រាបៀរនៅមុខវត្តផ្សារកណ្តាលកាលពីវេលាម៉ោង១១.៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ខណៈនោះមានអ្នកនៅក្នុងរថយន្តរត់បានយកកាំបិតបុ័ងតោទៅលាក់ក្នុងធុងសំរាម និងជនរងគ្រោះជាជនជាតិចិនយំស្រែកឲ្យជួយនោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថបញ្ជាក់ថា ជាករណីហិង្សាដោយចេតនា ដែលជនជាតិថៃ៣នាក់ យកកាំបិតកាប់លើជនរងគ្រោះជាជនជាតិ២នាក់ដែលឃើញរបួសស្នាប់ជាច្រើនកន្លែងនៅក្នុងរថយន្ត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់  ១.ឈ្មោះ  Soraprach Kiryapong ភេទប្រុស ជនជាតិថៃ,  ២.ឈ្មោះ  Supphachai Setteemut ភេទប្រុស ជនជាតិថៃ ។ ៣.ឈ្មោះ  MONSAK AIMYOO (ហៅសៀ)  ភេទប្រុស ជនជាតិថៃ។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅបណ្តោះអាសន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយពីករណីរថយន្តបើកបុកម៉ូតូកង់បីដឹកស្រាបៀររួច ឃើញសកម្មភាពខាងលើនេះ សមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែតមានការសង្ស័យ បានឃាត់ខ្លួនជនជាតិថៃ និងចិន ទាំងនោះសួរ នាំរួច ជនសង្ស័យទាំង៣នាក់បានសារភាពថា  ពួកខ្លួនពិតជាបានធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះជាជនជាតិចិនពិតប្រាកដមែន។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ សមត្ថកិច្ចអាវុធហត្ថមិនបានបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យជនជាតិថៃប្រើអំពើហិង្សាលើជនជាតិចិន២នាក់នោះឡើយ។ មិនដឹងថាជាករណីចាំជម្រិត ឬករណីជម្លោះចងគំនុំឬយ៉ាងណានោះ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការបន្តទៀត៕

 អត្ថបទ៖ ប៉ោយប៉ែត

Share.