អតីតកីឡាករជម្រើសជាតិចិន Yang Hao បានចោទប្រកាន់ទៅកានក្លិប Shaanxi Chang’an Athletic សមាជិកលីគទី២ របស់ប្រទេសចិន ថាមិនបានបើកប្រាក់​ដល់​ខ្លួន​អស់​មួយ​រយៈ​មក​ហើយ ខណៈ​ភាគី​ក្លិប​បាន​ឆ្លើយ​តប​បដិសេធ។

កីឡាករ Yang Hao

សារព័ត៌មាន​ចិន Xinhua បាន​លើក​ឡើង​ថា​ ក្លិប​ Shaanxi Chang’an Athletic រងការចោទប្រកាន ពីសំណាក់កីឡាករ Yang Hao ដែលក្លិបមិនបានទូទាត់ប្រាក់ខែឲ្យរូបគេអស់រយះពេលជាច្រើនខែមកហើយ។ ប៉ុន្តែ​ប្រភព​ដដែល​បាន​ស្រង់​សម្តី​​ភាគី​តំណាង​ក្លិប​ Shaanxi បានបញ្ជាក់ថា ក្លិបបានបើកប្រាក់ខែឲ្យ​​កីឡាករ​វ័យ​៣៩ឆ្នាំ​នេះ​រួចហើយ ព្រម​ទាំង​មាន​ឯកសារ ដែលរូបគេបានចុះហត្ថលេខា។

យ៉ាងណាមិញ អតីតកីឡាករជម្រើសជាតិចិន ខាងលើ រូបនេះបានបដិសេធថា​ រូបគេមិនបានចុះហត្ថលេខា លើឯកសារអ្វីទាំងអស់ ដែលថារូបគេបានទទួលប្រាក់ខែកន្លងមក។​

យ៉ាងណាក្តីប្រភពព័ត៌មាន នៅមិនទាន់បញ្ជាក់អំពីបញ្ហា និងមូលហេតុទាក់ទង ដែលនាំឲ្យមានការចោទប្រកាននេះនៅឡើយទេ។

ក្លិប​ Shaanxi Chang’an Athletic

ក្លិប​ Shaanxi Chang’an Athletic មាន​មូលដ្ឋាន​នៅ​ខេត្ត Shaanxi នៃ​រដ្ឋចិន ដែល​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​២០១៦ ប្រើប្រាស់​កីឡដ្ឋាន Weinan Sports Centre Stadium ជា​ទឹកដី​ប្រកួត​របស់​ខ្លួន។ នៅ​ឆ្នាំ​២០១៦ ក្លិប​នេះ​ចូលប្រកួត​ក្នុង​ពានរង្វាន់​លីគ​ទី៤ របស់​ប្រទេស​ចិន ខណៈ​ឆ្នាំ​២០១៧ និង​២០១៨ ឡើង​ដល់​លីគ​ទី៣ និង​ចាប់​ពី​ឆ្នាំ​២០១៩ មក​បន្ត​កៅអី​ចូល​ប្រកួត​ក្នុង​ពានរង្វាន់​លីគ​ទី២។

ចំណែក​កីឡាករ Yang Hao វិញ​បាន​ដុះ​ចេញ​ពី​ថ្នាល​យុវជន​ក្រុម Beijing Guoan ចន្លោះ​ឆ្នាំ​១៩៩៨ដល់​២០០១ មុន​ត្រូវ​ក្លិប​ចុះ​កុងត្រា​អាជីព​ចូល​លេង​ក្នុង​ឈុត​ធំ​ក្លិប Beijing Guoan ពី​ឆ្នាំ​២០០២ ដល់​២០១០។ ឆ្នាំ​២០១១ រូប​គេ​ផ្ទេរ​ទៅ​ចូលរួម​ក្រុម Guangzhou Evergrande ស្រប​ពេល​ពី​រដូវកាល​២០១២ ដល់​២០១៤ គេ​បាន​ផ្ទេរ​ទៅ​ចូលរួម​ក្រុម Guizhou Renhe ហើយ​បន្ត​ទៅ​កាន់​ក្រុម Jiangsu Sainty ពី​ឆ្នាំ​២០១៤ ដល់​២០១៦ មុន​ចូលរួម​ក្រុម Shaanxi Chang’an Athletic ពី​ឆ្នាំ​២០១៧មក។

កីឡាកររបស់ក្លិប Shaanxi Chang’an Athletic

គេ​ធ្លាប់​ចូលរួម​ក្នុង​ក្រុម​ជម្រើស​ជាតិ​ចិន ចន្លោះ​ឆ្នាំ​២០០៩ ដល់​២០១៤ ក្នុង​នាម​ជា​ខ្សែ​បម្រើ ដោយ​បង្ហាញ​ខ្លួន​បាន​៣៧លើក រក​បាន​គ្រាប់​បាល់​២គ្រាប់។ រូប​គេ​ក៏​ជា​ផ្នែក​មួយ​ជួយ​អោយ​ចិន ឈ្នះ​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា នៅ​ឆ្នាំ​២០១០ ផង​ដែរ៕

Share.