បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនក្រុមជនសង្ស័យ៣នាក់ដែលប្រើកាំបិតផ្គាក់ដេញកាប់ប្លន់យកម៉ូតូបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣ ដើម្បីចាត់ការបន្ត។


លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យដែលដេញកាប់ប្លន់យកម៉ូតូជនរងគ្រោះ ១.ឈ្មោះរឿន ទ្រី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ជាអ្នកកាន់កាំបិតផ្គាក់។ ២.ឈ្មោះអឿន សុភ័ណ ហៅខ្លា ស ភេទប្រុស អាយុ២៧ឆ្នាំ ជាម្ចាស់ម៉ូតូហុងដាវ៉េវ និងជាអ្នកឌុបឈ្មោះរឿន ទ្រី និងទី៣.ឈ្មោះ ឃឿត ថៃសាន ហៅត្រេន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកជិះម៉ូតូរបស់ជនរងគ្រោះ) ជនសង្ស័យទី១និងទី២ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកអធិការបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួននេះ កាលពីម៉ោង៤និង៥១នាទីទាបភ្លឺថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មានជនសង្ស័យចំនួន៤នាក់ បានជិះម៉ូតូកាន់ផ្គាក់ដេញកាប់ប្លន់យកម៉ូតូនៅចំណុចផ្លូវជាតិ៥៨ នៅក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាមកម្លាំងប្រចាំបញ្ជាបាន ចុះទៅដល់ ហើយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ភ្លាមៗ ដោយពេលនោះ លើខ្លួនជនសង្ស័យត្រូវបានស្នាមបែក ជាំ ជាច្រើនកន្លែង ដោយប្រជាពលរដ្ឋបានប្រើហិង្សា បន្ទាប់មកទៀត។


បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួច កម្លាំងជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត សរុប៣នាក់ និងម៉ូតូម៉ាកវ៉េវ រៀបចំសំណុំរឿងបញ្ជូនទៅកាន់នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ដោយឡែកជនសង្ស័យម្នាក់ទៀតជំនាញកំពុងស្រូវជ្រាវតាមចាប់ខ្លួនបន្ត។ ចំពោះម៉ូតូជនរងគ្រោះ ម៉ាកឌ្រីម ដែលជនសង្ស័យជិះយកត្រូវបានសមត្ថកិច្ចរៀបចំឯកសារប្រគល់ឲ្យជនរងគ្រោះយកទៅប្រើប្រាស់វិញ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.