សិល្បៈ​ជាតិ៖​ ឆ្នាំ​២០២៣​នេះ​ សង្ក្រាន្ត​បាត់ដំបង​ នឹង​មាន​អ្វីជាច្រើនដែលប្លែក ជាពិសេសនឹងបង្កើតការសប្បាយ​ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនិងដើម្បីធ្វើការផ្សព្វផ្សាយ​ពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់​កម្ពុជា។

សង្ក្រាន្ត​បាត់​ដំបង​ឆ្នាំ​២០២៣​នេះ ​នឹង​មាន​ការរៀបចំកម្មវិធីសិល្បៈ ការលេងល្បែងប្រជាប្រិយ៍ផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យស្គាល់ពីទំនៀមទំលាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈ​ការរៀបចំដាក់តាំងបង្ហាញនូវផលិតផល និងសមិទ្ធិផលនានាក្នុងខេត្តទស្សនាតំបន់ទាំង៩ រួមមាន តំបន់ពិព័រណ៍ទូទៅ តំបន់ត្រជាក់ចិត្ត តំបន់តន្រ្តីស្រុកស្រែ តំបន់អាហារនៃក្តីស្រឡាញ់ តំបន់ភូមិ ស.ស.យ.ក. តំបន់ភូមិម្ហូបខ្មែរ តំបន់តន្រ្តីសម័យ តំបន់ក្បាច់គុណ តំបន់សាសនា។

ក្រៅ​ពី​កម្មវិធី​កម្សាន្ត​នា​ពេល​ថ្ងៃ​ហើយ​នោះ​ នៅពេលរាត្រី មានការប្រគុំតន្ត្រី ការប្រកួតប្រដាល់គុនខ្មែរ ព្រមទាំងមានការរៀបចំតែងលម្អភ្លើងពណ៌ នៅតាមស្តង់ និងតាមតំបន់នានា ជាច្រើនទៀត។ ដោយឡែកក្នុងតំបន់ត្រជាក់ចិត្តឆ្នាំនេះ នឹងរៀបចំការប្រជុំតន្រ្តីខ្នាតយក្ស EDM សម្រាប់បំរើជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកំសាន្ត ក្នុងនោះមានទាំង DJ ល្បីៗ មកចូលរួមការរាំលេងកំសាន្ត បាញ់ទឹក ពពុះសាប៊ូទៀតផង។

នេះ​បើ​តាមរយៈគណនីហ្វេកប៊ុក របស់លោក Kanol pitou កាណុល ពិទូរ្យ បានសរសេរថា”​កាំភ្លើងពពុះសាប៊ូ បានមកដល់ខេត្តបាត់ដំបងហើយ សម្រាប់សង្ក្រាន្តបាត់ដំបង ២០២៣ តំបន់ត្រជាក់ចិត្តឆ្នាំនេះសប្បាយទៀតហើយ…. “។

បង​ប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ដែល​បាន​ឈប់​សម្រាក​ក្នុង​ឱកាស​ចូល​ឆ្នាំ​នេះ​ អាច​អញ្ជើញ​ទៅ​ទស្សនា​និង​ចូលរួម​លេង​កម្សាន្ត​សង្ក្រាន្ត​បាត់​ដំបង​ ព្រោះ​មាន​ទស្សនីយភាព​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​ការ​កម្សាន្ត​ជា​ច្រើន​​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ពេល​យប់​ ​ពិសេស​ការ​បាញ់​​ទឹក​ ពពុះ​សាប៊ូ​ ផ្ដល់​ភាព​ត្រជាក់ត្រជុំ​ដល់​បងប្អូន​ដែល​អញ្ជើញ​មក​​ចូលរួម​ក្នុង​កម្មវិធី​សង្ក្រាន្ត​បាត់ដំបង​៕

Share.