ធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាការប្រាក់ជាថ្មីកាលពីថ្ងៃ ពុធ បើទោះជាមានការភ័យខ្លាចថា ការផ្លាស់ប្ដូរនេះអាចបន្ថែមភាពចលាចលផ្នែកហិរញ្ញវត្ថុបន្ទាប់ពីការក្ស័យធនរបស់ធនាគារជាច្រើនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ មីនា ឆ្នាំ ២០២៣។

ធនាគារកណ្ដាលអាមេរិកបានបង្កើនអត្រាការប្រាក់របស់ខ្លួនចំនួន ០,២៥ភាគរយ ដោយហៅប្រព័ន្ធធនាគារថា «រឹងមាំ និង ធន់»។ ប៉ុន្ដែពួកគេបានព្រមានផងដែរថា ការធ្លាក់ចុះពីការដួលរលំរបស់ធនាគារអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

ទន្ទឹមនោះ Fed បានសម្ដែងការបេ្ដជ្ញាចិត្តក្នុងការកាត់បន្ថយអតិផរណា ដោយមានការព្រួយបារម្ភថា អត្រាការប្រាក់ខ្ពស់ជាងនេះ អាចធ្វើឲ្យមានភាពចលាចលក្នុងវិស័យធនាគារកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីការដួលរលំយ៉ាងឆាប់រហ័សរបស់ធនាគារអាមេរិកចំនួន ២ គឺ៖ ធនាគារ Silicon Valley និង Signature Bank នៅក្នុងខែ មីនា នេះ ដោយសារបណ្ដាលមកពីអត្រាការប្រាក់ខ្ពស់ និង ការលក់មូលបត្រច្រើនពេក។

គេមានការព្រួយបារម្ភអំពីតម្លៃនៃមូលបត្របំណុលដែលកាន់កាប់ដោយធនាគារ ដោយសារតែការកើនឡើងនៃអត្រាការប្រាក់អាចធ្វើឲ្យមូលបត្របំណុលទាំងនេះមានតម្លៃទាប។ ប៉ុន្ដែធនាគារបានលើកឡើងថា ការធ្លាក់តម្លៃមូលបត្របំណុលដែលកាន់កាប់ដោយធនាគារមិនមែនជាបញ្ហានោះទេ លុះត្រាតែម្ចាស់មូលបត្របង្ខំលក់ទើបខាតបង់។

អាជ្ញាធរជុំវិញពិភពលោក បាននិយាយថា ពួកគេមិនគិតថា ការដួលរលំនេះគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុរីករាលដាលនោះទេ ហើយចាំបាច់ត្រូវងាកទៅគិតអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកអតិផរណាឲ្យមកស្ថិតក្រោមការគ្រប់គ្រងវិញ។

កាលពីសប្ដាហ៍មុនធនាគារកណ្ដាលអឺរ៉ុប បានដំឡើងអត្រាការប្រាក់របស់ខ្លួនចំនួន ០,៥ភាគរយ ខណៈធនាគារកណ្ដាលអង់គ្លេសគ្រោងនឹងធ្វើការសម្រេចចិត្តលើអត្រាការប្រាក់របស់ខ្លួននៅថ្ងៃ ព្រហស្បតិ៍ នេះ (ម៉ោងក្នុងស្រុក) ពោលគឺ ១ថ្ងៃ បន្ទាប់ពីតួលេខផ្លូវការបានបង្ហាញថា អតិផរណាបានកើនឡើងដោយមិនបានព្រាងទុកក្នុងខែ កុម្ភៈ ជាមួយអត្រាការប្រាក់ដល់ទៅ ១០,៤ភាគរយ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃ ពុធ ធនាគារកណ្ដាលបាននិយាយថា ការអភិវឌ្ឍន៍វិស័យធនាគារនាពេលថ្មីៗនេះ ទំនងជានឹងបណ្ដាលឲ្យមានលក្ខខណ្ឌឥណទានកាន់តែតឹងរឹងសម្រាប់គ្រួសារ និង អាជីវកម្ម។

ធនគារកណ្ដាលបាននឹងកំពុងបង្កើនការចំណាយលើការខ្ចីប្រាក់ក្នុងការដេញថ្លៃ​ ដើម្បីរក្សាស្ថិរភាពតម្លៃ។ ប៉ុន្ដែការកើនឡើងយ៉ាងខ្លាំងនៃអត្រាការប្រាក់ចាប់តាំងពីឆ្នាំមុនបាននាំឲ្យមានភាពតានតឹងនៅក្នុងប្រព័ន្ធធនាគារ៕

ប្រភព៖ BBC

Share.