បន្ទាប់ពីព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីចាប់ផ្ដើមការដង្ហែភ្លើងគប់ ទៅកាន់បណ្ដាប្រទេសជាសមាជិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រពៃណីរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅក្ដារបែនបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ព្រះអគ្គិជ័យកីឡា បានបង្ហែទៅដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅប្រមាណម៉ោង ៩យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោយចាកចេញពីខេត្តសៀមរាប និងបន្តទៅតម្កល់ទុកនៅស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ដែលមានទីតាំងនៅផ្លូវ Tran Hung Dao ខណ្ឌ Hoan Kiem ទីក្រុងហាណូយ។

ចំពោះពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងប្រតិភូ ដែលចាត់តែងដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ដ្រឲ្យទទួលបានជោគជ័យជូនជាតិ។

គួរដឹងថាភ្លើងគប់នេះ នឹងត្រូវរៀបចំពិធីរត់ជុំវិញបឹង Ho Guom ជាផ្លូវការ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ខណ:ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីហាណូយ ប្រទេសវៀតណាម ដើម្បីឆ្ពោះទៅកាន់ទីម៉ានីល ប្រទេសហ្វីលីពីន៕

Share.