ភ្នំពេញ៖នៅថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ ចំណុចភូមិតាំងពោន ឃុំពាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីលួចមានស្ថានទម្ងន់ទោសមួយកើតទ្បើង បង្កដោយជនសង្ស័យឈ្មោះ វ៉ន រិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យបានប្រើកាំបិតត្នោត ចាក់ទៅលើជនរងគ្រោះឈ្មោះ នុត សារឿង ចំនួន១៥កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ប្លន់យកសម្ភារៈហើយគេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានភ្លាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវបន្ទាន់តាមជំនាញនីតិវិធី ដោយកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឈាទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ន រិទ្ធ នៅចំណុចផ្លូវ១៣៦ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វ៉ន រិទ្ធ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ដោយប្រើកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកំាបិតរហូតដល់ស្លាប់ ប្លន់យកនាទ្បិកាដៃ១ ទូរស័ព្ទ១ និងម៉ូតូ០១គ្រឿង រួចជិះគេចខ្លួនមកខេត្តកំពង់ស្ពឺ តែម្តង។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖ ម៉ូតូ០១គ្រឿង, នាទ្បិកាដៃ១ និងទូរស័ព្ទ០១ (របស់ជនរងគ្រោះ)។

ក្រោយចាប់ខ្លួនបានជនសង្ស័យ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ចតុមុខ

Share.