សិល្បៈជាតិ៖ ថ្មីៗនេះ គេស្រាប់តែបានឃើញលោក ហេង ប៊ុនលាភ ចូលរួមសម្ដែងភាពយន្តភាគបុរាណឡើងវិញ ដោយលោកសម្ដែងជាតួអង្គព្រះរាជា។ ការវិលមកគ្រងគ្រឿងសម្ដែងក្នុងរឿងបុរាណនេះ បន្ទាប់ពីលោកបានផ្អាកពីសិល្បៈសម្ដែងអស់មួយរយៈធំ។

បើតាមការបង្ហើបពីតារាសម្ដែងស្រី សឿនផាន ផាភួង បានបង្ហោះនៅលើហ្វេសប៊ុកឱ្យដឹងថា អ្នកនាង និងលោក ហេង ប៊ុនលាភ បានចូលរួមសម្ដែងក្នុងរឿងភាគបុរាណរួមគ្នាជាលើកដំបូងដែលមានចំណងជើងថា «បុព្វេនិម្មិត» សម្រាប់ចាក់បញ្ចាំងនៅលើកញ្ចក់ស្ថានីយទូរទស្សន៍ PNN ។

សម្រាប់លោក ហេង ប៊ុនលាភ គឺមានបទពិសោធន៍ក្នុងការសម្ដែងរឿងភាគបុរាណជាច្រើនដូចជា រឿង «មរណមាតា» រឿង « ព្រះលក្ខសិនវង្ស នាងព្រាហ្មណ៍កេសរ» រឿង «ត្រពាំងពាយ» និងរឿងបុរាណជាច្រើនរឿងទៀត។ ភាគច្រើនលោកបានចូលរួមសម្ដែងជាតួអង្គព្រះរាជា។

សូមជម្រាបថា នៅក្នុងភាពយន្តភាគថ្មី «បុព្វេនិម្មិត» ក៏មានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើនដួងដូចជា លោក ឃីម សានីត លោក លាង ឧត្តម កញ្ញា សេង រដ្ឋា លោក ចន ស័ក្ដ និងតារាសម្ដែងកិត្តិយសជាច្រើនរូបទៀត។ រឿងភាគទូរទស្សន៍មួយនេះផលិតឡើងដោយផលិតកម្ម ហ្យូភីត៕

Share.