កំពត៖ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត  និងសម្របសម្រួលនីតិវិធីដោយ ឯកឧ ត្ដម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបូកគោ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរងទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖

១. ឈ្មោះ អ៊ុង ម៉ាត់លី ឈ្មោះហៅក្រៅ អាអច ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត(ជួញដូរគ្រឿងញៀន)។

២. ឈ្មោះ នី សើហ្វើត ឈ្មោះហៅក្រៅ ទូច ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅតាដឹប សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត(ជួញដូរគ្រឿងញៀន)។

៣. ឈ្មោះ ឃុន វិទូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត(ប្រើប្រាស់គ្រឿងញៀន)។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖ គ្រឿងញៀនចំនួន០២កញ្ចប់តូច(ពីរកញ្ចប់តូច)ទំងន់១,៨២ក្រាមថ្លឹងទាំងសំបក់ថង់- ម៉ូតូចំនួន០១គ្រឿង- ទូរស័ព្ទចំនួន០១។ឆ្លងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យឈ្មោះ អ៊ុង ម៉ាត់លី កម្លាំងកងរាជអាវុធហត្ថបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅវេលាម៉ោង១៦:៤៥នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ បុិន ពុទ្ធា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមន្ត្រីឥណទាន រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពតនិងបានរឹបអូសយកវត្ថុតាងជា ទូរសព្ទដៃចំនួន ៣គ្រឿងនិង ឧបករណ៍ជក់មួយសម្រាប់។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ជាលទ្ធផលអវិជ្ជមាន។

ក្រោយចាប់ខ្លួនបានជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ចតុមុខ

Share.