


លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ បានបង្ហោះសារនៅលើកហ្វេសបុកនៅមុននេះថា៖«ថ្ងៃស្អែកនេះគឺជាការប្រកួតមួយដ៏សំខាន់សម្រាប់កីឡាករអាយុក្រោម២២ឆ្នាំកម្ពុជា មុនព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ មកដល់»។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) នឹងដឹកនាំកូនក្រុមរបស់គាត់ ដើម្បីប្រកួតទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ២២ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ Merlion Cup 2023 នៅប្រទេសសិង្ហបុរី នាថ្ងៃសុក្រ ទី២៤ ខែមីនា វេលាម៉ោង ៤រសៀល នៅកីឡដ្ឋាន Jalan Besar។
ខណ:កាលពីរសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ សរុប២៤នាក់ ក្នុងនោះកីឡាករចំនួន៦នាក់ដែលមានដូចជា៖ សារ ទី (បញ្ហារបួស), ទេព ហ្វីលីព, វុំាង ដាវីន, អ៊ីម វ៉ាឃីម, រី លាភផេង និង អ៊ាន ពិសី ត្រូវបានដកចេញពីបញ្ជីឈ្មោះសម្រាប់ការបោះជំរុំហ្វឹកហាត់ដំណាក់កាលទី២ មុនស៊ីហ្គេម។



ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ទើបតែបញ្ចប់ការបោះជំរំហ្វឹកហាត់ លើកទី១ នៅកោះសាមុយ ប្រទេសថៃ និងបានបន្តធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Merlion Cup ជាលើកដំបូង។
បន្ទាប់ពីលទ្ធផលនៃការចាប់ឆ្នោតពានរង្វាន់ Merlion Cup 2023 យុវជនអាយុក្រោម២២ឆ្នាំ ក្រុមជម្រើសជាតិកម្ពុជា និងត្រូវប្រកួតជាមួយម៉ាឡេស៊ី ខណ:ក្រុមម្ចាស់ផ្ទះសិង្ហបុរី និងត្រូវប្រកួតជាមួយ ហុងកុង នៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ម៉ោង ៤:០០នាទីរសៀល (ម៉ោងនៅកម្ពុជា)។
ពានរង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ខណ:អូស្ត្រាលី ឈ្នះច្រើនជាងគេ២លើកឆ្នាំ ១៩៨២/៨៣, អ៊ីរ៉ាក់ នៅឆ្នាំ១៩៨៤, យូហ្គោស្លាវី នៅឆ្នាំ១៩៨៥, ចិន នៅឆ្នាំ១៩៨៦, កូរ៉េខាងត្បូង ឈុតB នៅឆ្នាំ ១៩៩២, Liverpool នៅឆ្នាំ២០០៩ និងចុងក្រោយ U-22 សិង្ហបុរី នៅឆ្នាំ២០១៩៕





