មុន​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​ លើកទី៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ដំណើរការ​ សមាជិក​តំបន់អាស៊ានចំនួន​៣ប្រទេស បាន​ណាត់​គ្នា​ប្រកួត​ដណ្តើម​ពានរង្វាន់បាល់ទះ Malaysia Tri Invitation ដើម្បី​កម្តៅសាច់ដុំ​រៀងៗខ្លួន មុន​ធ្វើដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ប្រទេសកម្ពុជា។

តាម​គម្រោង​ការ​ប្រកួត​នេះ​មាន​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី សិង្ហបុរី និង​កម្ពុជា ដោយ​ប្រកួត​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ដល់ ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០២៣ លើ​ទីលាន​បាល់ទះ MBSA Indoor Volleyball Hall Section 4 នៅ Shah Alam, Selangor, ម៉ាឡេស៊ី។

នេះជាការប្រកួតដ៏ល្អមួយរបស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ក្នុងការត្រៀមខ្លួន​ និងការកម្តៅសាច់ដុំ ដើម្បីឆ្ពោះទៅការប្រកួតជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ជាម្ចាស់ផ្ទះនៅខែឧសភា ខាងាមុខ។

គួររំលឹកថា សម្រាប់​ក្រុម​បាល់ទះកម្ពុជា ទើប​តែ​បញ្ចប់​បេសកម្ម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​បារាំង ក្រោម​អាយុ​១៩ឆ្នាំ កាលពីខែ​កុម្ភៈ កន្លង​ទៅ ដោយ​​ប្រកួត​លើក​ទី១ បារាំង ឈ្នះ​កម្ពុជា ៣សិត​ទល់០ តែ​ប្រកួត​លើក​ទី២ កម្ពុជា បាន​យក​ឈ្នះ​បារាំង វិញ​ដោយ​លទ្ធផល​ ​៣សិត​ទល់១​សិត៕

Share.