ភ្នំពេញ ៖ ស្ត្រីម៉េម៉ាយវ័យក្មេង ខ្មែរឥស្លាមម្នាក់ មានបញ្ហាផ្លូវចិត្ត វិប្បដិសេរីក្នុងគ្រួសារ សម្រេចចិត្តជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ លិចបាត់ខ្លួន ចោលកូនស្រីអាយុទើប១ខួប ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ស្ត្រីខាងលើមានឈ្មោះ សាលីមហ្សាហ្វូរ៉ា អាយុ២៣ឆ្នាំ មានលំនៅ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជាស្ត្រីម៉េម៉ាយ លែងលះជាមួយប្តីអស់រយៈពេល១ឆ្នាំមកហើយ មានកូនស្រីម្នាក់ អាយុទើប១ខួប ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីខាងលើជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GB-2686 ធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ពីកើតទៅលិច ដល់ចំណុចរង្វង់មូលគួចកាណុង បត់ត្រឡប់ឡើងស្ពានជ្រោយចង្វារវិញ ដល់ត្រើយខាងកើត ឈប់ម៉ូតូ លោតហក់ចុះក្នុងទឹក លង់លិចបាត់ បន្សល់ទុកម៉ូតូ ស្បែកជើង ទូរស័ព្ទ និងក្រដាសមួយសន្លឹកមានសរសេរលេខទូរស័ព្ទ ជាលេខរបស់ម្តាយ ។

បើតាមការបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា ស្ត្រីរងគ្រោះ ក្រោយពីលែងលះជាមួយប្តី ទៅជាមនុស្សខូចចិត្ត កន្លងមកធ្លាប់ហៅឲ្យប្តីចូលផ្ទះវិញ តែមិនព្រម ។ ប្រភពបន្តទៀតថា តាំងពីកើតមានអារម្មណ៍មិនប្រក្រតី រួចមក ជនរងគ្រោះព្យាយាមសម្លាប់ខ្លួនច្រើនលើកមកហើយ តែមិនបានសម្រេច ស្រាប់តែមកដល់រសៀលថ្ងៃនេះ ឃើញទាញម៉ូតូជិះ មិនបានចាប់អារម្មណ៍ បែជាមកលោតទឹកសម្លាប់ខ្លួនទៅវិញ ។

ក្រោយពីស្ត្រីរងគ្រោះលោតទឹកលង់លិចបាត់ ត្រូវបានបងប្អូនខ្មែរឥស្លាមច្រើននាក់ចុះរាវស្វែងរក តែមិនឃើញ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.