ឧបករណ៍ភ្លេងខ្មែរ៖ ប្រជាពលរដ្ឋ​កម្ពុជា​តែង​នាំ​គ្នា​ហៅ​ទ្រ​ប្រភេទ​នេះ​ថា «ទ្រខ្មែរ» ឬ​ «ទ្រ​ខ្សែ​៣» ។ ហៅ​ថា ទ្រខ្មែរ ពីព្រោះ​តាំងពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន​នេះ គេ​ឃើញ​តែ​ជនជាតិ​ខ្មែរ​ជា​អ្នក​ប្រើប្រាស់​ទ្រ​នេះ ។ ហៅ​ថា ទ្រ​ខ្សែ​៣ ព្រោះគេ​ឃើញ​ទ្រ​នេះ​មាន​ខ្សែ​សំនៀង​៣​ខុស​ពី​ទ្រ​ដទៃ​ទៀត​នៅ​ក្នុង​កម្ពុជា ដែល​មាន​ខ្សែ​សំនៀង​តែ​២ ។

ឧបករណ៍​ទ្រខ្មែរ គឺជា​ឧបករណ៍​ដែល​មាន​មុខងារ​សំខាន់​បំផុត​នៅ​ក្នុង​វង់ភ្លេង​អារក្ស និង​នៅ​ក្នុង​វង់​ភ្លេងការ​បុរាណ ។ នៅ​ពេល​ប្រគំ​ម្ដងៗ ឧបករណ៍​នេះ​តែងតែ​ចេញ​ផ្ដើមបទ​មុន​ឧបករណ៍​ដទៃ ។ កាលពី​សម័យ​ដើម អ្នក​កូត​ទ្រខ្មែរ គឺជា​អ្នក​ច្រៀង​ផង​កូត​ផង ក្រោយ​មក​អ្នក​ទះ​ស្គរ គឺជា​អ្នក​ច្រៀង ចុង​ក្រោយ​បង្អស់​នេះ​ អ្នក​ច្រៀង​គឺជា​អ្នក​គោះ​ឈិង ឬ​ជា​អ្នក​ទំនេរ​គ្មាន​កាន់​ឧបករណ៍​អ្វី​ទេ ។

តាម​ដឹង​របស់​ដូនតា​យើង​ច្រើន​តំណ​មក​ហើយ​លោក​ដឹង​ថា ឧបករណ៍​ទ្រខ្មែរ​នេះ​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​ហើយ គឺ​មាន​តាំង​ពី​មុន​គ្រិស្ដសករាជ​ទៅ​ទៀត នៅ​ក្នុង​តំបន់​អូស្ដ្រូអាស៊ី​នេះ ដែល​មាន​ជនជាតិ​ខ្មែរ (ទ្រខ្មែរ) និង​ជនជាតិ​ឥណ្ឌូណេស៊ី (Rabab) ប្រើប្រាស់​វា ប៉ុន្ដែ​ក្រោយ​មក​ជនជាតិ​ថៃ (សោ​សាម​សៃ So Sam Sai) ក៏​ប្រើ​ប្រាស់​ទ្រ​ប្រភេទ​នេះ​ដែរ ។ ឧបករណ៍​ទ្រខ្មែរ​ធ្វើ​ឡើង​ដោយ​មាន ៖

ដង​រាង​មូល​ត្រង់ តូច​ក្រោម​ធំ​លើ មាន​ក្រឡឹង​ក្បាច់​ផ្សេងៗ​ជា​គ្រឿង​លម្អ ។ ដង​នេះ​ច្រើន​ធ្វើ​អំពី​ឈើ​រឹង ដូច​ជា​ឈើ​នាងនួន ឈើ​គ្រញូង ឬ​ឈើខ្មៅ មាន​បញ្ចុះ​ភ្លុក​ដំរី ឆ្អឹង ឬ​ឈើ​ដៃខ្លា​ពណ៌​ស ជា​កង់ៗ ដើម្បី​ឱ្យ​កាន់​តែ​មាន​ប្រណីតភាព​ឡើង ។ ព្រលួត​មាន​៣ ធ្វើ​អំពី​ប្រភេទ​ឈើ​រឹង​ដូច​ដង​ដែរ មាន​ទំហំ និង​ប្រវែង​ប៉ុនគ្នា ។ ជួនកាល​មាន​បញ្ចុះ​ភ្លុក ឬ​ឆ្អឹង ឬ​ឈើ​ស​នៅ​ចុងដើម ហើយ​មាន​ក្បូរក្បាច់​ជា​គ្រឿង​លម្អ​ទៀត​ផង ។

ប្រអប់​សំនៀង​ធ្វើ​ អំពី​ត្រឡោក​ដូង​រាង​ដូច​ក្បាល​ដំរី គេ​យក​មួយ​ចំហៀង​បញ្ឈរ​មក​ធ្វើ ។ នៅ​ផ្នែក​ខាង​ខ្នង​ប្រអប់​សំនៀង​មាន​ចោះ​រន្ធ​តូចៗ​ជា​ក្បាច់​ផ្សេងៗ​ សម្រាប់​បញ្ចេញ​សំនៀង​មក​ក្រៅ ។ នៅ​ផ្នែក​ខាង​មុខ​ប្រអប់ មាន​សន្ទះ​ដែល​គេ​យក​ស្បែក​ពស់​មក​ពាស ។ នៅ​លើ​សន្ទះ​មាន​បិទ​ដុំ​ប្រមរ​មួយ​ដុំ​តូច​មូល​ប៉ុន​ម្រាមដៃ មាន​ឈ្មោះ​ហៅ​ថា «ដោះ» ។ ដោះ​នេះ​សម្រាប់​ធ្វើ​ឱ្យ​សំនៀង​ស្អកស្អា​ដែល​ជា​លក្ខណៈ​សំនៀង​របស់​ទ្រខ្មែរ ។

ឆាក​ទ្រខ្មែរ​ក៏​ដូចជា ​ឆាក​ទ្រ​ដទៃ​ទៀត​ដែរ ប៉ុន្ដែ​ឆាកទ្រ​ខ្មែរ​ប្រើ​កូត​នៅ​ពី​ក្រៅ​ខ្សែ​សំនៀង ។ នៅ​ពេល​គេ​ត្រូវការ​កូត​ម្ដងៗ គេ​យក​ឆាក​មក​ផ្អឹប​ឱ្យ​ជាប់​នឹង​ខ្សែ​សំនៀង​ត្រង់​គែម​ប្រអប់​ខាងលើ​ ទើប​គេ​រុញ​ទាញ​តាម​ទម្លាប់ ។
យ៉ង​ធ្វើ​អំពី​ឈើ ឬ​ឫស្សី​ដែល​មាន​រាង​កោង​សម្រាប់​ទ្រ​ខ្សែ​សំនៀង​ទាំង​៣​ឱ្យ​ផុត​គែម​ប្រអប់ ​សំនៀង ។ គេ​ដាក់​យ៉ង​ខិត​មក​ផ្នែក​ខាងលើ​នៃ​សន្ទះ​ទន្ទឹម​គ្នា​នឹង​ដោះ ។

ខ្សែ​សំនៀង​មាន​៣ ខ្សែ​ទី​១ តូច​ឈ្មោះថា ខ្សែ​ឯក ខ្សែ​ទី​២ ឈ្មោះ​ថា ខ្សែ​ភាន់ ខ្សែ​ទី៣ ធំ​ឈ្មោះ​ថា ខ្សែ​គ ។ ខ្សែ​ទាំង​៣​នេះ​ធ្វើ​អំពី​ខ្សែ​លោហធាតុ ។ ខ្សែ​ក​ធ្វើ​អំពី​អំបោះឆៅ​ស្ថិត​នៅ​ខាងក្រោម​ព្រលួត​ទាំង​៣ សម្រាប់​ចង​ខ្សែ​សំនៀង​ទាំង​៣​ផ្អោប​ទៅ​នឹង​ដង ។ នៅ​ពេល​កូត​ម្ដងៗ គេ​ប្រើ​ចុង​ម្រាមដៃ​សម្រាប់​ចុច​លើ​ខ្សែ​មិន​ប្រើ​គល់​ម្រាមដៃ​ដូច​ការ​ចុច​លើ​ខ្សែ​ទ្រ​ដទៃ​ឡើយ ។

តាម​ទស្សនៈ​របស់​តន្ដ្រីករ​បុរាណ​ខ្លះៗ ដែល​កាន់​ព្រះពុទ្ធ​សាសនា​បាន​ឱ្យ​និមិត្ដរូប​ទៅ​លើ​ឧបករណ៍​ទ្រខ្មែរ​ថា ជា​ឧបករណ៍​តំណាង​ជីវិត​មនុស្ស គឺ​តំណាង​ខន្ធ​ប្រាំ​ដែល​ជា​ខន្ធ​របស់​មនុស្ស​គ្រប់​រូប ។

1-ផ្នែក​ខាងក្រោម​ប្រអប់​សំនៀង (ចន្ទល់ ឬ​ជើងទ្រ) តំណាង​រូប
2-គ្រប់​ប្រអប់​សំនៀង​ទាំងមូល តំណាង​វេទនា
3-ពី​ប្រអប់​សំនៀង​មក​ពាក់កណ្ដាល​ដង តំណាង​សញ្ញា
4-ពី​ពាក់កណ្ដាល​ដង​មក​ទល់​ព្រលួត​ខាងក្រោម តំណាង​សង្ខារ
5-ពី​ព្រលួត​ខាងក្រោម​មក​ដល់​ក្បាល​ខាងលើ​ តំណាង​វិញ្ញាណ ៕

ប្រភព៖ ស្រាវជ្រាវ​ដោយ​លោក ហ៊ុន សារិន សាស្រ្តាចារ្យ​សិល្បៈ​តន្រ្តី

Share.