សិល្បៈជាតិ៖ លោក ឯម រាម គឺជាអ្នកច្នៃម៉ូដហ្វេសសិនប្លែកៗម្នាក់ ដែលគ្រប់គ្នាបានស្គាល់លោក និងទទួលបានរហស្សនាម «បណ្ឌិតច្នៃម៉ូដ» ព្រោះការច្នៃម៉ូដរបស់លោកគឺបានគិតគូអំពីការផ្សព្វផ្សាយវប្បធម៌ តាមរយៈគំនូរ ចម្លាក់ និងជាពិសេសទៅលើការថែទាំបរិស្ថាន។ លោកត្រូវបានទទួលស្គាល់ពីស្នាដៃដ៏មានទេពកោសល្យប៉ិនប្រសប់ក្នុងការស្លៀកពាក់ និងតែងខ្លួនប្លែកៗ ចូលរួមកម្មវិធីផ្សេងៗ។
ទន្ទឹមនឹងមានការទទួលស្គាល់ពីស្នាដៃកន្លងមករបស់លោក ក្នុងនោះមហាជនមួយចំនួនក៏មានមតិរិះគន់យ៉ាងមិនសំចៃមាត់ផងដែរ។ ជាក់ស្ដែងគេនៅចាំបានថា កាលឆ្នាំ ២០១៨ លោកត្រូវបានរិះគន់ពីស្នាដៃរចនាម៉ូដ អប្សរា ដែលបំពាក់លើបុរស ដោយលោកសំអាងថា ជាស្នាដៃតំឡើងថ្មីដោយ ឯម រាម។
យ៉ាងណាមិញ មហាជនដែលអ្នកវប្បធម៌និយម និងអភរិរក្សនិយមតែងតែមិនពេញចិត្តចំពោះស្នាដៃរបស់លោក ដោយពួកគេចោតថា នេះជាការច្នៃម៉ូដបែបឡប់លែលីលា ប្រាស់ចាកពីក្បួនខ្នាតទម្រង់ដើម ដែលការបំផ្លាញវប្បធម៌។
ដោយឡែក នាពេលថ្មីៗនេះ លោក ឯម រាម ក៏បានរងការរិះគន់យ៉ាងចាស់ដៃម្ដងទៀតដែរ អំពីការច្នៃម៉ូដឈុតដែលលោកស្លៀកនៅក្នុងកម្មវធី PMA 2023។ មែនទែនទៅ មួយម៉ូដនេះមិនសូវជាបានបង្ហាញអំពីទម្រង់បុរាណខ្មែរខ្លាំងដូចលើកមុននោះទេ ប៉ុន្តែភាគច្រើនមហាជនមិនពេញចិត្តចំពោះការស្លៀកពាក់បែបសិចស៊ីស្រីមិនចំស្រី ប្រុសមិនចំប្រុសជាដើម។
លោក ឯម រាម ធ្លាប់បានលើកឡើងថា មានមនុស្សមិនតិចទេដែលគិតថា លោកឆ្កួត ពាក់ស្បែកកែងចោទស្រី ហើយស្លៀកពាក់បែបប្លែកៗចូលរួមក្នុងកម្មវិធីផ្សេង។ រហូតមានអ្នកសួរម្ដាយលោកថា តើគាត់គិតបែបណាចំពោះកូនប្រុសដែលមិនប្រក្រតីបែបនេះ។ ម្ដាយលោក ឯម រាម បើមិនឱ្យកូនប្រុសគាត់ស្លៀកពាក់បែបឆ្កួតៗអីចឹង ក៏គ្មានអ្នកណាហៅឱ្យទៅយកលុយពីកម្មវិធីដែរ។ ជាការពិតណាស់ កម្លាំងចិត្តដែលធ្វើឱ្យលោក ឯម រាម អាចបន្តរំលេចស្នាដៃជាច្រើនកន្លងមកនេះ នោះក៏ព្រោះតែមានក្រុមគ្រួសារចាំផ្ដល់កម្លាំងចិត្តឱ្យលោក។
លោក ឯម រាម មិនត្រឹមតែមានភាពប៉ិនប្រសព្វប៉ុណ្ណោះទេ ប៉ុន្តែរាល់ការច្នៃម៉ូដ លោកតែងតែគិតគូរដល់វត្ថុធាតុដើម និងផលប៉ះពាល់ដល់បរិស្ថាន។ នៅ ២០១៥ លោកបានយកសំលៀកបំពាក់ធ្វើពីស្រទាប់ចេកទៅដាក់បង្ហាញក្នុងកម្មវិធីពិព័រណ៍នៅឯប្រទេស អ៊ីតាលី ហើយត្រូវបានជ្រើសរើសដាក់តាំងបង្ហាញនាទីនោះតែម្ដង។ នៅឆ្នាំ ២០១៧ លោកទទួលបានពានរង្វាន់ផ្នែកហត្ថកម្មចម្លាក់ធ្វើអំពីផ្ដៅ អរូបិយ ធ្វើដោយដៃ ក្នុងកម្មវិធី «Asian actress» នាប្រទេសថៃទៀតផង។
លោក ឯម រាម ធ្លាប់បានលើកឡើងថា អ្នកវប្បធម៌និយមពួកគេនៅមិនទាន់បើកចិត្តទទួលយកស្នាដៃថ្មីរបស់លោក ដែលនេះហើយគឺជាឧបសគ្គនៃសិល្បៈច្នៃម៉ូដរបស់លោក។ លោកថា គ្រប់គ្នាគឺអាចបង្កើតសិល្បៈដែលថ្មី និងមានសេរីភាពក្នុងជំនាញរៀងៗខ្លួន។
សូមជម្រាបថា បណ្ឌិតច្នៃ ឯម រាម មានអាយុ ៥៣ ឆ្នាំ ដោយបានប្រឡូកក្នុងវិស័យម៉ូដនេះតាំងពីឆ្នាំ ១៩៩៧ ដោយលោកនៅតែមានចិត្តស្រឡាញ់វិស័យនេះ។ លោកធ្លាប់ជាបុរសឯកច្រើនឆ្នាំជាប់គ្នា ដែលបានថតរូបនៅលើក្របពាណិជ្ជកម្មរបស់ក្រុមហ៊ុនទូរស័ព្ទចល័តធំបង្អស់នៅកម្ពុជា។ លោកបញ្ចប់ការសិក្សារនៅប្រទេសបារាំងច្នៃម៉ូដគ្រឿងសង្ហារិម និងក្រណាត់បែបស្រមើស្រមៃ។ សព្វថ្ងៃលោកត្រូវបានតារាសិល្បៈជាច្រើនទាក់ទងលោកឱ្យរចនាម៉ូងសម្លៀកបំពាក់ឱ្យពួកគេផងដែរ៕


