ឧបករណ៍ភ្លេងខ្មែរ ៖ ហែតហូត គឺជាឧបករណ៍តន្ដ្រីផ្លុំមួយបែប ដែលធ្វើពីឫស្សីពក យកមកកាត់ជាកង់ៗ ដោយមិនទុកថ្នាំងទាំងសងខាងឡើយ ។ គេរើសយកបំពង់ពីតូចទៅធំ ដែលទំហំចាប់ពីប៉ុនម្រាមកូនដៃ ប្រដេញទៅធំរហូតដល់ប៉ុនមេដៃមនុស្សពេញវ័យ ។
ជនជាតិគ្រឹង និងទំពួននៅស្រុកអូរជុំ ខេត្ដរតនគិរី បានធ្វើឧបករណ៍នេះ ដោយចងតម្រៀបបំពង់ឫស្សីចំនួនពី៦ ទៅ៧កង់ ។ ដោយឡែកជនជាតិព្រៅ នៅស្រុកតាវែង ចងតម្រៀបបំពង់ឫស្សីចំនួនពី៧ ទៅ៩កង់ ហើយហៅឧបករណ៍នេះថា «ហេតហូត» មិនមែន «ហែតហូត» ដូចដែលប្អូនជនជាតិគ្រឹង និងទំពួននិយាយឡើយ តែក៏មានសូរស័ព្ទប្រហាក់ប្រហែលគ្នាដែរ ។ ព្រោះប្រវែងមិនមានលក្ខណៈស្មើគ្នាទេ ។ ភាគច្រើនបំពង់មានប្រវែងពី២៨សង់ទីម៉ែត្រ ទៅ៦០សង់ទីម៉ែត្រ ។
ហែតហូត មានលក្ខណៈដូចឧបករណ៍គែន តែគ្មានប្រអប់សូរ និងប្រើអណ្ដាតសំឡេងទេ ។ គេផ្លុំត្រង់រន្ធដែលចងតម្រឹមហើយដាក់បណ្ដោយមាត់ទៅឆ្វេង ទៅស្ដាំនៃរន្ធបំពង់ឫស្សី ដើម្បីបង្កើតជាសូរសៀង ។ គេកាន់ឧបករណ៍ដោយដៃទាំងពីរ ហើយប្រើមេដៃស៊ករន្ធសម្រាប់កេះចេញសូរប៉ឹកៗជាការបន្ទរសាច់បទ ។ សាច់ភ្លេងហែតហូត បន្លឺឡើងស្រាលដូចសំឡេងជំនោរខ្យល់ ។ ចំណែកសូរសំឡេងប៉ឹកៗសម្រាប់ការបន្ទរនោះប្រៀបបានទៅនឹងការត្រកួតប៉ះគ្នានៃដើមឫស្សី ។
នារីខ្មែររស់នៅតំបន់ទាំងនោះ តែងតែរៀនផ្លុំហែតហូតតាំងពីកុមារភាពមកម៉្លេះ ជាពិសេសពួកគេនិយមផ្លុំលេងកម្សាន្ដនៅពេលពួកគេជិតធំពេញវ័យ ដែលជាសញ្ញាប្រាប់ដល់មនុស្សដទៃទៀតថា គេមានមនោសញ្ចេតនាក្នុងផ្លូវស្នេហាតាមដំណើរធម្មជាតិផ្ដល់ឲ្យហើយ ។
គេតែងតែផ្លុំហែតហូតនៅពេលយប់ ហើយកេះប៉ឹកៗ ជាសញ្ញាបញ្ជាក់ប្រាប់ឲ្យដឹងថា គេមានការពេញចិត្ដចំពោះយុវជនដែលកំពុងតែស្រែកច្រៀង ឬលេងភ្លេងជាសញ្ញាពីលើផ្ទះដ៏ខ្ពស់នោះហើយ ។ នារីទាំងអស់នោះក៏តែងតែនិយមផ្លុំលេងកម្សាន្ដជាក្រុមៗ នៅពេលថ្ងៃដែរ ។ ពួកគេនាំគ្នាផ្លុំលេង យកសូរសំនៀងប្រកួតប្រជែងគ្នា ដើម្បីយកថ្វីដៃរៀងៗខ្លួនទៀតផង ៕
ប្រភព៖ ស្រាវជ្រាវដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី


