


ពិធីនេះមានការចូលរួមពីនិស្សិតកម្ពុជា អត្តពលិកវៀតណាម ប្រមាណ ៣០០នាក់ ក្រោមអធីបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដង្ហែព្រះអគ្គិជ័យកីឡា, លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម ដាំង ហាវៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអនុប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម ថ្នាក់ដឹកនាំតំណាងក្រសួងការបរទេសវៀតណាម ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ព្រមទាំងមានការចូលរួមអបអរសាទរពីយុវជន មហាជនជាច្រើនផងដែរ។
ព្រះអគ្គិជ័យកីឡា បានបង្ហែទៅដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅប្រមាណម៉ោង ៩យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោយចាកចេញពីខេត្តសៀមរាប និងបន្តទៅតម្កល់ទុកនៅស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ដែលមានទីតាំងនៅផ្លូវ Tran Hung Dao ខណ្ឌ Hoan Kiem ទីក្រុងហាណូយ។
គួរដឹងថាភ្លើងគប់នេះ នឹងត្រូវរៀបចំពិធីរត់ជុំវិញបឹង Ho Guom ជាផ្លូវការ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ខណ:ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីហាណូយ ប្រទេសវៀតណាម ដើម្បីឆ្ពោះទៅកាន់ទីម៉ានីល ប្រទេសហ្វីលីពីន៕








