ភ្នំពេញ ៖ ផ្ទះឈើប្រក់ក្បឿងចំនួន២ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ផ្តើមចេញទីទុស្សេខ្សែភ្លើងខាងលើផ្ទះ គ្រាដែលម្ចាស់កំពុងជាប់រវល់លក់ដូរនៅតូបមុខផ្ទះ ផ្អើលអ្នកភូមិ នាំគ្នាជួយលើកជញ្ជូនអុីវ៉ាន់ចេញ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវ៤២ ក្រុមទី៦ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ផ្ទះរងនូវអគ្គិភ័យឆាបឆេះ ៖ ទី១ ផ្ទះលេខ២២ សង់អំពីឈើប្រក់ក្បឿង ថ្មខាងក្រោម ទំហំ៧ម៉ែត្រx៨ម៉ែត្រ មានម្ចាស់ឈ្មោះ ហេង រ៉ាវី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ លក់ដូរនៅតូបមុខផ្ទះ មានប្រពន្ធឈ្មោះ ជុំ ពិសី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុ ។ ទី២ ផ្ទះលេខ២១ សង់អំពីឈើប្រក់ក្បឿង ថ្មខាងក្រោម ទំហំ៧ម៉ែត្រx៨ម៉ែត្រ ដូចគ្នា មានម្ចាស់ឈ្មោះ ឆន និមល ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរនៅតូបមុខផ្ទះដូចគ្នា រស់នៅនៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលម្ចាស់ទាំង២ផ្ទះ កំពុងជាប់រវល់លក់ដូរ នៅតូបខាងមុខ ស្រាប់តែទុស្សេខ្សែភ្លើងឆេះចេញជាអណ្តាតភ្លើង នៅផ្ទះទី១របស់ឈ្មោះ ហេង រ៉ាវី ឆេះកាន់តែខ្លាំងឡើងៗ រាលដាលទៅឆេះផ្ទះទី២ ជាប់គ្នានោះ សន្ធោសន្ធៅឡើង ផ្អើលបងប្អូនអ្នកភូមិ ជួយជញ្ជូនអុីវ៉ាន់ចេញ ។

បើតាមម្ចាស់ផ្ទះទី១ បានឲ្យដឹងថា ផ្នែកខាងលើផ្ទះ គ្រាន់តែជាកន្លែងដេកទេ ស្រាប់តែនៅវេលាម៉ោងខាងលើ ទុស្សេខ្សែភ្លើងចេញពីលើផ្ទះជ្រុងខាងក្រោយ ចេញជាអណ្តាតភ្លើងសន្ធោសន្ធៅឡើង រាលដល់ផ្ទះជាប់គ្នានោះមួយខ្នងទៀត អស់២ខ្នងទាំងស្រុង ។

គ្រោះអគ្គិភ័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ចេញទៅអន្តរាគមន៍ រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន២គ្រឿង រថយន្តស្នងការរាជធានី ភ្នំពេញចំនួន២គ្រឿង , រថយន្តបុរីសង្ឃឹមថ្មីចំនួន២គ្រឿង , រថយន្តស្រាបៀរកម្ពុជាចំនួន១គ្រឿង ,រថយន្តអាវុធហត្ថក្រុងចំនួន១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៦គ្រឿង បាញ់ទឹកពន្លត់ភ្លើងរហូតដល់វេលាម៉ោង៩ព្រឹកថ្ងៃដដែល ។

ហេតុការខាងលើភ្លើងឆេះផ្ទះអស់ចំនួន២ខ្នង និងសម្ភារៈមួយចំនួន មិនបង្កឲ្យអ្នកណារងរបួស ហើយតូបលក់ដូរខាងមុខ បាញ់ទឹកការពារបាន ទើបភ្លើងមិនឆេះដល់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.