ភ្នំពេញ ៖ រថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង ខណៈដែលកំពុងបើកបើកសុខៗស្រាប់តែផ្ទុះកង់មុខ ទាញចង្កូតឡើងទ្រូងផ្លូវ បែកម៉ាសុីនកល់ជាប់ ដាច់ទាំងកង់ ហូរប្រេងកក្លាក់តាមផ្លូវ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងថ្មី ចំណុចភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ កូរ៉េ ដឹកឥដ្ឋ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2371 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយព្រូម្នាក់ទៀត ។

តាមសម្តីអ្នកបើកបរបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកឥដ្ឋពីឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល យកទៅដាក់ឲ្យម៉ូយ នៅផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ ខណៈដែលកំពុងបើកបរកាត់តាមផ្លូវ៦០ម៉ែត្រថ្មី ក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់មុខខាងឆ្វេង ទាញចង្កូតឡើងទ្រូងផ្លូវ បែកខ្ទេចម៉ាសុីន ដាច់កង់មុខ របូតគ្រឿងអស់ ហូរប្រេងកក្លាក់ពេញផ្លូវ បែកខឿនទ្រូងផ្លូវ តែមិនបង្កឲ្យអ្នកណារងរបួស ។

ខណៈដែលប្រេងហូរពេញផ្លូវ ត្រូវបានខាងក្រុមហ៊ុនធ្វើផ្លូវខាងលើ យកគ្រឿងចក្រ ចូកខ្សាច់ទៅលប់ ពីលើជៀងវាងរអិល អ្នកធ្វើដំណើរឆ្លងកាត់ ។

ក្រោយជួបហេតុការណ៍ខាងលើ រថយន្តនៅកល់ជាប់លើទ្រូងផ្លូវ សមត្ថកិច្ចចុះទៅពិនិត្យ ខូចខាតតែទ្រូងផ្លូវ ទើបឲ្យម្ចាស់រថយន្តនិយាយសម្រួលគ្នាជាមួយក្រុមហ៊ុនធ្វើផ្លូវ និងហៅរករថយន្តស្ទូចទៅលើករថយន្តយកទៅជួសជុលខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.