ក្រុមបាល់ទាត់ជម្រើសជាតិហុងកុង អាយុ២២ឆ្នាំ បានយកឈ្នះលើក្រុមម្ចាស់ផ្ទះសិង្ហបុរី ដោយលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់ Merlion Cup ២០២៣ នៅរាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋាន Jalan Besar Stadium ប្រទេសសិង្ហបុរី ខណៈ១គ្រាប់របស់ហុងកុង ធ្វើបានដោយកីឡាករលេខ១០ Ichikawa Sohgo នៅនាទី៣៩ ក្នុងវគ្គទី១។

ដូចនេះក្រុមជម្រើសជាតិអាយុ២២ឆ្នាំហុងកុង នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិអាយុ២២ឆ្នាំម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Merlion Cup ២០២៣ នៅវេលាម៉ោង ៧.៣០ នាទីយប់ ម៉ោងនៅកម្ពុជា។

ចំណែកឯក្រុមជម្រើសជាតិកម្ពុជា អាយុ២២ឆ្នាំ នឹងត្រូវជួបជាមួយម្ចាស់ផ្ទះសិង្ហបុរី ដើម្បីប្រកួតយកចំណាត់ថ្នាក់​លេខ៣ នៅវេលាម៉ោង ៤.០០នាទីរសៀល នៅកីឡដ្ឋាន Jalan Besar Stadium ប្រទេសសិង្ហបុរី មុនត្រលប់មកមាតុប្រទេសវិញ។

គួរឲ្យដឹងថា ពានរង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ដោយប្រទេសសិង្ហបុរី ផ្ទាល់ជាអ្នករៀបចំព្រឹត្តិការណ៍នេះឡើង ខណៈក្រុមជម្រើសជាតិអូស្ត្រាលី ឈ្នះពានរង្វាន់នេះច្រើនជាងគេ២លើកឆ្នាំ ១៩៨២ និង១៩៨៣ ហើយក្រុមម្ចាស់ផ្ទះសិង្ហបុរី គឺជាក្រុមដែលឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រច្រើនជាងគេ ៤ដង ១៩៨៤, ១៩៨៥, ២០០៩, ២០១៩។

Share.