ការប្រកួតពានរង្វាន់បាល់ទាត់ផ្នែកបុរស់ Merlion Cup ឆ្នាំ២០២៣ មាន ៤ក្រុមចូលរួមប្រកួតប្រជែង ក្នុងនោះមានដូចជាក្រុមម្ចាស់ផ្ទះសិង្ហបុរី, ម៉ាឡេស៊ី, ហុងកុង និងក្រុមកម្ពុជា ដោយប្រកួតក្នុងរូបមន្តចាញ់ធ្លាក់ ក្នុងនោះក្រុមឈ្នះនឹងបានឡើងទីកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមចាញ់ត្រូវប៉ះក្រុមចាញ់ ដើម្បីប្រកួតដណ្តើមយកលេខ៣ ដែលចាយពេលប្រកួតត្រឹម២ថ្ងៃប៉ុណ្នោះ។

បញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឃើញថា ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ម៉ាឡេស៊ី បានយកឈ្នះក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ កម្ពុជា ដោយលទ្ធផល ៤-២ ចំណែកឯក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ហុងកុង បានយកឈ្នះ ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំម្ចាស់ផ្ទះសិង្ហបុរី ដោយលទ្ធផល ១-០ នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។

ដូចនេះ ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំសិង្ហបុរី ត្រូវជួប ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ កម្ពុជា គដណ្តើមយកលេខ៣ និងលេខ៤ នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី វេលាម៉ោង៤.០០ នាទីរសៀល។

ខណៈ ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ហុងកុង នឹងត្រូវជួប ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ម៉ាឡេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី វេលាម៉ោង ៧.៣០នាទីយប់។

គួរឲ្យដឹងថា ពានរង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ដោយប្រទេសសិង្ហបុរី ផ្ទាល់ជាអ្នករៀបចំព្រឹត្តិការណ៍នេះឡើង ខណៈក្រុមជម្រើសជាតិអូស្ត្រាលី ឈ្នះពានរង្វាន់នេះច្រើនជាងគេ២លើកឆ្នាំ ១៩៨២ និង១៩៨៣ ហើយក្រុមម្ចាស់ផ្ទះសិង្ហបុរី គឺជាក្រុមដែលឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រច្រើនជាងគេ ៤ដង ១៩៨៤, ១៩៨៥, ២០០៩, ២០១៩។

Share.