ភ្នំពេញ ៖ រថយន្តធុនធំអូសសណ្តោងពោងសុីម៉ង់ត៍មួយគ្រឿងបើកបរល្បឿនលឿន គេចពីរថយន្តកុងតឺន័របើកឆ្លងផ្លូវ ជ្រុលធ្លាក់ផ្លូវក្រឡាប់ចូលក្នុងប្រឡាយ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកហុីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-6349 អូសសណ្តោងពោងសុីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 4A-6441 ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុរថយន្តខាងលើបើកល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ វ៉ាក់អើរជាមួយរថយន្តកុងតឺន័រមួយគ្រឿងកំពុងបើកចេញពីផែស្ងួត ឆ្លងផ្លូវពីកើតទៅលិចបត់ឆ្ពោះទៅត្បូង ធ្វើឲ្យរថយន្តពោងសុីម៉ង់ត៍ គេចជ្រុលធ្លាក់ផ្លូវ ក្រឡាប់ចូលក្នុងប្រឡាយ សំណាងល្អមិនមានអ្នករងរបួស ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង គ្រោះថ្នាក់ដោយសារការធ្វេសប្រហែសខ្លួនឯង មិនបង្កដល់អ្នកដទៃ បានប្រគល់ឲ្យម្ចាស់ រករថយន្តស្ទូចលើកយករថយន្តទៅជួសជុលខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.