កំពង់ធំ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងជំនាញរបស់ស្នងនគរបាលខេត្ត បានការសហការជាមួយកម្លាំងជំនាញនគរបាលស្រុកប្រាសាទបល្ល័ង្កបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនបានជនសង្ស័យដែលជាឃាតករមានឈ្មោះ លាវ លុយ ភេទស្រី អាយុ៤៣ឆ្នាំរស់នៅភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ គឺជាប្រពន្ធជនរងគ្រោះឈ្មោះ យុន សារៀងអាយុ៤៥ឆ្នាំ។

គួររំលឹកថាករណីឃាតកម្មខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នៅក្នុងភូមិឃុំកើតហេតុខាង។ ខណៈជនរងគ្រោះជាប្តីកំពុងតែដេកលង់លក់នៅលើគ្រែក្រោមផ្ទះ ក្រោយពីបង្កហេតុរួចជនសង្ស័យដែលជាឃាតករបានសម្ងំនៅក្នុងផ្ទះធ្វើហាក់ដូចមិនដឹងរឿងអ្វីសោះ។

     តាមប្រភពពីសមត្ថកិច្ចនាយប៉ុស្តិ័ឃុំដូង បានប្រាប់ថា បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យបានសារភាពថា តាំងពីរៀបការនិងគ្នាមករូបគាត់នឹងប្តីដែលគាត់សម្លាប់នោះមានកូនចំនួនពីរនាក់ជាចំណងដៃ ប្រុស០១នាក់ និងស្រី០១នាក់ តែពួកកូនៗរបស់គាត់បាននាំគ្នាទៅរកការងារធ្វើនៅឯទីក្រុងភ្នំពេញអស់ហើយ។ នៅសល់តែពួកគាត់ពីរនាក់ប្តីប្រពន្ធនោះទេ ចំណែកមូលហេតុដែលបង្ខំចិត្តរបស់គាត់ ឲ្យដាច់ចិត្តហ៊ានសម្លាប់ប្តីគាត់នេះ ក៏ដោយសារតែអស់រយៈពេលប្រហែលជាបីឆ្នាំមកហើយ ដែលប្តីរបស់គាត់បែកគំនិតមានស្រីផ្សេង ហើយតែងតែរករឿងឈ្លោះប្រកែក និងវ៉ៃដំច្រំធាក់មកលើរូបគាត់ជាប្រពន្ធស្ទើគ្មានលស់ថ្ងៃនោះទេ។

ឯរឿងលុយកាត់វិញនោះ ចាប់តាំងពីប្តីមានស្រីមក ប្តីមិនដែលឲ្យលុយកាក់ដល់រូបគាត់ជាប្រពន្ធយកមកចាយវាយឬក៏ទិញម្ហូបអាហារនោះដែរ គឺប្តីរបស់គាត់មើលនិងចាំចាប់តែកំហុសរបស់គាត់ជានិច្ច គាត់ធ្វើអ្វីក៏ខុស មិនដែលត្រូវចិត្តប្តីនោះទេ ធ្វើឲ្យជីវិតក្នុងគ្រួសារប្តីប្រពន្ធជួបតែរឿងក្តៅក្រហាយ រូបគាត់ជាប្រពន្ធដេកឱបទុក្ខរងតែទឹកភ្នែកទាំងថ្ងៃទាំងយប់ រួមជាមួយនឹងជេប្រមាថមើលងាយនិងវាយដំ ទើបធ្វើឲ្យគាត់ដាច់ចិត្តសម្លាប់ នៅពេលដែលឱកាសល្អមកដល់។ ពេលឃើញប្តីរបស់គាត់មកពីរកស្រីវិញ ហើយប្រាស់ខ្លួនដេកនៅលើគ្រែក្រោមផ្ទះនោះ គាត់ក៏យកកាំបិតមកកាប់ផ្តាច់បំពុងករប្តីរបស់គាត់ដាច់ខ្យល់ស្លាប់ភ្លាមៗមួយរំពេច ហើយរូបគាត់ក៏រត់គេចខ្លួនបានមួយរយៈ ទើបសមត្ថកិច្ចចាប់ខ្លួនបាន។

គួរបញ្ជាក់ផងដែរថា ការសាកសួរចប់សព្វគ្រប់រួចមក  ឃើញថា ស្រ្តីជាឃាតករដែលបានសម្លាប់ប្តី បានកសាងសំណុំរឿង.បញ្ជូនខ្លួនទៅកាន់ពន្ធធនាគរខេត្តនៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះទៅតាមអំណាចនៃតុលាការខេត្តកំពង់ធំ៕

អត្ថបទ៖ កំពង់ធំ

Share.