ភ្នំពេញ ៖ នារីម្នាក់ឈ្លក់ទឹកប្រឡាយស្លាប់ ចំណែកមិត្តភ័ក្រម្នាក់ទៀតរបួសស្រាល ក្នុងហេតុការណ៍មិនគួរកើត ក្រោយពីដើរលេងសប្បាយដាច់យប់ ព្រឹកឡើងជិះម៉ូតូវិលទៅផ្ទះជួល ងងុយដេកពេក ងោកមួយភាំង លឿនជ្រុលទៅបុកបោកផ្ទប់បង្គោលស្លាកប៉ាណូរថយន្តក្រុង ផ្លោងខ្ទាតចូលប្រឡាយទឹកស្អុយ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នារីដែលស្លាប់ដោយសារសប្បាយភ្លេចខ្លួន មានឈ្មោះ ឈាង នីហ្សា អាយុ២៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ រស់នៅផ្ទះលេខ៣៨៩ ផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកម្នាក់ទៀតរបួសស្រាល មានឈ្មោះ យ៉ាន់ ថាវី អាយុ២៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ រស់នៅភូមិគោហ៊េ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។ ជនរងគ្រោះទាំង២នាក់ ស្នាក់នៅផ្ទះជួល នៅសង្កាត់កំបូល ខណ្ឌកំបូល ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះនិងមិត្តភ័ក្រគ្នា៣នាក់ ជិះម៉ូតូដើរលេងដាច់មួយយប់ លុះព្រឹកឡើងនាំគ្នាវិលទៅផ្ទះជួលវិញ ជិះម៉ូតូ២គ្រឿង ជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FI-5253 គ្នា២នាក់ ដោយឈ្មោះ យ៉ាន់ ដារី ជាអ្នកបើក បោះពួយល្បឿនលឿន តាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ដោយសារងងុយដេកពេក ងោកមួយភាំង ម៉ូតូលឿនស្លេវទៅបុកបង្គោលស្លាកប៉ាណូរបស់រថយន្តក្រុង បណ្តាលឲ្យផ្លោងធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ទាំងមនុស្សទាំងម៉ូតូ ធ្វើឲ្យជនរងគ្រោះឈ្លក់ទឹកស្លាប់ម្នាក់ របួសស្រាលម្នាក់ ។

ភ្លាមៗត្រូវបានបងប្អូនប្រជាពលរដ្ឋជួយស្រង់ឡើងគោក តែពិនិត្យជាក់ស្តែបាក់កស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានសមត្ថកិច្ចស្រង់ឡើង យកទៅរក្សាទុកជាបណ្តោះអាសន្ននៅផ្នែកជំនាញ រងចាំប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.