ក្រោយ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នៅក្នុង​ចំណោម​ក្រុម​អ្នកគាំទ្រ​កម្មវិធី​ Miss Universe Cambodia ចំពោះ​ការ​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ឈុត​តំណាង​ជាតិ​ពី​ឈុត​ល្ខោន​តុក្កតា​ខ្មែរ​ទៅ​ជា​ឈុត​ទេព​រួបរួម​ទៅ​ប្រកួត​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិ លោក​ម៉ែន​ និមល​រ័ត្ន​ដែល​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​ខាង​លើ​បាន​ចេញ​មក​​បដិសេធ​ចំពោះ​មូលហេតុ​ប្ដូរ​ឈុត​តំណាង​ជាតិ​មិនមែន​ដោយ​សារ​តែ​មាន​ការ​រិះគន់​នោះ​ទេ​។​

នៅ​ក្នុង​ការ​ Live ​តាម​រយៈ​គណនី​​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​លោក​ ម៉ែន​ និមលរ័ត្ន​បាន​បញ្ជាក់​យ៉ាង​លម្អិត​ចំពោះ​មូលហេតុ​នៃ​ការ​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ឈុត​នេះ​​មិនមែន​ដោយ​សារ​តែ​មាន​ការ​រិះគន់​នោះ​ទេ​ប៉ុន្តែ​ដោយ​សារ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ​-១៩​ធ្វើ​ឱ្យ​ដំណើរ​ការ​ការងារ​មាន​ភាព​រាំង​ស្ទះ​ម្យ៉ាង​ទៀត​ការ​ផ្លាស់​ប្ដូរ​នេះ​ក៏​កើត​ចេញ​ពី​ការ​សម្រេច​ចិត្ត​និង​ស្នើ​សុំ​ពី​ម្ចាស់​ស្នាដៃ​ច្នៃម៉ូដ​ឈុត​តុក្កតា​នេះ​ដោយ​ផ្ទាល់​ដែរ​។

អ្នក​គ្រប់គ្រង​កម្មវិធី​ Miss Universe កម្ពុជា​បាន​និយាយ​​ដូច្នេះ​ថា​៖​ «​បញ្ហា​កូវីដ​-១៩​ធ្វើ​ឱ្យ​មាន​រាំង​ស្ទះ​ស្ទើ​គ្រប់​ការងារ​ សូម្បី​តែ​ ​​ឈុត​តុក្កតា​ នៅ​ពេល​ស្លៀក​លើ​ខ្លួន​ សារីតា ​នៅ​មាន​ចំណុច​ត្រូវ​កែច្នៃ​ជា​ច្រើន​ទៀត​ ប៉ុ​ន្តែ បូរ៉ា​ ​ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ខេត្ត​សៀមរាប​ពិបាក​ឡើង​ចុះ​​​ភ្នំពេញ​មិន​អាច​ឡើង​មក​បាន​ផ្ញើ​មក​បាន​ត្រឹម​តែ​ឈុត​ ធ្វើ​ឱ្យ​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​កែច្នៃ​តម្រូវ​ឱ្យ​បាន​ទាន់​ពេលវេលា​ដោយ​សារ​តែ​កន្លង​មក​​លោក​បូរ៉ា​​បាន​ខាត​ពេលវេលា​ជាប់​ចត្តា​ឡីស័ក​ចំនួន​១៤​ថ្ងៃដែរ​។

មួយ​វិញ​ទៀត​ដោយ​សារ​តែ​កាល​បរិច្ឆេទ​កំណត់​ ​ឈុត​ត្រូវ​បញ្ជូន​ទៅ​សហរដ្ឋ​អាមេរិក​​មុន​ សារីតា ​ហើយ​មាន​ការ​ជំរុញ​​និង​ស្នើ​សុំ​ពី​អ្នក​ច្នៃ​ម៉ូដ​លោក​បូរ៉ា​ដោយ​ផ្ទាល់​ឲ្យ​យក​ឈុត​ទេពរួបរួម​មក​ជំនួស​ដោយ​​ខ្លាច​មិន​អាច​កែ​ឈុត​បាន​ទាន់​ពេល​វេលា​ ទើប​កម្មវិធី​សម្រេច​ចិត្ត​ប្ដូរ​យក​ឈុត​ទេពរួបរួម​ដែល​ជា​ឈុត​ជាប់​ពាន​ Best National Costume ក្នុង​ការ​ប្រកួត​មក​​ជំនួស​​វិញ​»។ លោក ​ម៉ែន​ និមល​រ័ត្ន​ បាន​ពោល​បន្ត​ទៀត​ដោយ​សង្កត់​ធ្ងន់​​ថា​៖ «លោក​ជឿ​ថា​ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​ទាំង​លោក​ទាំង​បងប្អូន​អ្នក​គាំទ្រ​ទាំង​អស់​ប្រាកដ​ជា​មិន​ចង់​ឱ្យ​ប្រទេស​ជាតិ​ខ្លួន​ចាញ់​បរទេស​នោះ​ទេ​ដូច្នេះ​គ្រប់​
យ៉ាង​គឺ​មាន​ការ​សម្រិតសម្រាំង​និង​ផ្ចិតផ្ចង់​ជា​ទី​បំផុត​»។

​​​​គួរ​បញ្ជាក់​ថា​ឈុត​ល្ខោន​តុក្កតា​របស់​លោក​ បូរ៉ា នៅ​ពេល​ដែល​កែច្នៃ​និង​ធ្វើ​បាន​សម្រេច​រួចរាល់​ជា​ស្ថាពរ​លោក​ ម៉ែន និមលរ័ត្ន​អះអាង​ថា​នៅ​តែ​ត្រូវ​ការ​ប្រើ​ប្រាស់​ឈុត​នេះ​ជា​ឈុត​តំណាង​ជាតិ​នៅ​ក្នុង​កម្ម​វិធី​ប្រកួត​ណាមួយ​ទៀត​ដែល​សមស្រប​៕​

Share.