នៅយប់ថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ លោកគ្រូ អ៊ុក សារ៉េត គ្រូបង្គោលក្លិបបាល់ទាត់សូលទីឡូអង្គរ បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

នេះជាដំណឹងដ៏រន្ធត់ និងគួរឲ្យសោកស្ដាយបំផុត ចំពោះការបាត់បង់លោកគ្រូបង្គោលដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា និងបាត់បង់ធនធានមនុស្សមួយនៅក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិ ខណ:ដែលលោកគ្រូបានរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានកីឡាករជាច្រើននាពេលកន្លងមក។

គួរដឹងថានៅឆ្នាំ ២០២៣ នេះលោក អ៊ុក សារ៉េត គឺជាគ្រូបង្វឹកដែលមានវ័យចាស់ជាងគេដឹកនាំក្រុមបាល់ទាត់សូលទីឡូអង្គរ ចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ Cambodian League Cup ក្នុងវ័យ៧៦ឆ្នាំ ដោយឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់៣ មាន៣ពិន្ទុ។

យើងទាំងអស់គ្នា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកគ្រូ អ៊ុក សារ៉េត សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Share.