លោក Naidan Tüvshinbayar ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម៉ុងហ្គោលី ត្រូវជាប់ពន្ធនាគារ ចំនួន២០ថ្ងៃ ក្រោយមានសេចក្តីរាយការណ៍ថាលោកបានទុកឱ្យជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ikon របស់ម៉ុងហ្គោលី។



ប្រភពបានបន្តថានៅថ្ងៃច័ន្ទ ទី៥ ខែមេសាឆ្នាំ២០២១ នេះលោក Naidan Tüvshinbayar ត្រូវសាលាដំបូងកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ថ្ងៃ ពាក់ព័ន្ធនឹងឧបទ្ទវហេតុខាងលើ។ បុរសវ័យ៣៦ឆ្នាំរូបនេះត្រូវបានព្រះរាជអាជ្ញាសហការជាមួយនគរបាល ក្នុងខ័ណ្ឌKhan Uul នៃរដ្ឋធានី Ulaanbaatar ឃាត់ខ្លួនពីថ្ងៃទី៣ ខែមេសា ពីបទ«ចេតនាធ្វើឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សុខភាពអ្នកដទៃ»។
អ្វីដែលជារឿងគូរឱ្យភ្ញាក់ផ្អើលនោះគឺជនរងគ្រោះមានឈ្មោះ Erdenebileg Enkhbat ជាមិត្តរួមក្នុងកីឡាយូដូ និងជាមិត្តជិតស្និតនឹងលោក Naidan Tüvshinbayarផងដែរ។
សូមបញ្ជាក់ថាមុនទទួលបានតំណែងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Naidan Tüvshinbayar ជាកីឡាករជម្រើសជាតិយូដូ ហើយលោកធ្លាប់ដណ្តើមបានមេដាយលើឆាកអន្តរជាតិជាច្រើនជូនជាតិមាតុភូមិ ដោយក្នុងនោះឈ្នះមេដាយ មាសក្នុងកីឡាអូឡាំពិកឆ្នាំ២០០៨ នៅទីក្រុងប៉េកាំង ប្រទេសចិន និងឈ្នះមេដាយប្រាក់ ក្នុងអូឡាំពិកឆ្នាំ២០១២ នៅអង់គ្លេស លើវិញ្ញាសាទម្ងន់ក្រោម១០០គីឡូក្រាម។ លោកធ្លាប់ឈ្នះមេដាយសំរឹទ្ធពិភពលោក World Championship នៅឆ្នាំ២០១៥ និង២០១៧ លើវិញ្ញាសាលើ ១០០គីឡូក្រាម។ លោកធ្លាប់ឈ្នះមេដាយមាសកីឡាទ្វីបអាស៊ី Asian Games ឆ្នាំ២០១៤ នៅកូរ៉េខាងត្បូង និងឈ្នះមេដាយមាស១លើក ប្រាក់១លើក និងសំរឹទ្ធ ២លើក្នុងកីឡា Asian Championship៕