ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលជាប់គាំងដោយរបបយោធារបស់ប្រទេស មីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃ អង្គារ ថា គណបក្សសម្ព័ន្ធមិត្តដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវរំលាយដោយសារការខកខានក្នុងការចុះឈ្មោះឡើងវិញក្រោមច្បាប់បោះឆ្នោតថ្មីដែលតាក់តែងដោយយោធា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ២៩ ខែ មីនា ឆ្នាំ ២០២៣។

របបយោធាបានធ្វើរដ្ឋប្រហារក្នុងខែ កុម្ភៈ ឆ្នាំ ២០២១ ជាមួយនឹងការអះអាងអំពីការក្លែងបន្លំសន្លឹកឆ្នោត ដែលជាហេតុកាត់ផ្ដាច់ប្រទេសនេះពីលទ្ធិប្រជាធិបតេយ្យរយៈពេល ១០ឆ្នាំ និង ធ្វើឲ្យមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងភាពចលាចល។

នៅក្នុងខែ មករា យោធាបានទុករយៈពេល ២ខែ ដើម្បីឲ្យគណបក្សនយោបាយនានា ចុះឈ្មោះឡើងវិញនៅក្រោមច្បាប់បោះឆ្នោតថ្មីដ៏តឹងរឹងសរសេរដោយយោធា មុនពេលការបោះឆ្នោតថ្មីដែលខ្លួនបានសន្យាថា នឹងរៀបចំ ប៉ុន្ដែគូប្រជែងរបស់ខ្លួននិយាយថា ការបោះឆ្នោតខាងមុខនេះនឹងមិនសេរី ឬ យុត្ថិធម៌ឡើយ។

ទូរទស្សន៍រដ្ឋ MRTV បាននិយាយថា ក្នុងចំណោមគណបក្សដែលមានស្រាប់ចំនួន៩០ មានតែ ៥០គណបក្សប៉ុណ្ណោះ ដែលបានដាក់ពាក្យសុំចុះឈ្មោះឡើងវិញក្រោមច្បាប់ថ្មីនេះ ខណៈគណបក្សដែលនៅសល់នឹងត្រូវរំលាយចាប់ពីថ្ងៃ ពុធ សប្ដាហ៍នេះ។

សូមជម្រាបថា លោកស្រី អ៊ុងសាន ស៊ូជី បានបង្កើតគណបក្ស NLD ក្នុងឆ្នាំ១៩៨៨ ហើយបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្ហូកដីនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩០ ដែលត្រូវបានលុបចោលជាបន្ដបន្ទាប់ដោយរបបយោធានៅពេលនោះ៕

ប្រភព៖ CNA

Share.