សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធបានប្រកាសកាលពីល្ងាចថ្ងៃ អាទិត្យ ថា ធនាគារ First Citizens នឹងទិញប្រាក់បញ្ញើ និង ប្រាក់កម្ចីទាំងអស់របស់ធនាគារ Silicon Valley Bank (SVB) បន្ទាប់ពីបានប្រកាសក្ស័យធនកាលពីដើមខែ មីនា នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CBS News នាថ្ងៃ អង្គារ ទី ២៨ ខែ មីនា ឆ្នាំ ២០២៣។

FDIC បាននិយាយថា ប្រតិបត្តិការថ្មីនេះគ្រប់ដណ្ដប់លើប្រាក់បញ្ញើចំនួន ១១៩ពាន់លានដុល្លារ និង ទ្រព្យសម្បត្តិ ៧២ពាន់លានដុល្លារ ហើយអតីតសាខាធនាគារ SVB ទាំង១៧ នឹងក្លាយជាផ្នែកមួយនៃធនាគារ First Citizens Bank ចាប់ពីថ្ងៃ ច័ន្ទ សប្ដាហ៍នេះតទៅ។

ធនាគារ First Citizens ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Raleigh រដ្ឋ North Carolina។ ធនាគារនេះបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងរក្សាជំហរហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំ ហើយក្រុមហ៊ុនដែលបញ្ចូលគ្នានឹងនៅតែមានភាពធនជាមួយនឹងផលប័ត្រកម្ចីចម្រុះ និង មូលដ្ឋានប្រាក់បញ្ញើ។

ចំពោះការទិញនេះ FDIC និង ធនាគារ First Citizens Bank នឹងចែករំលែកការខាតបង់ដែលអាចកើតមាន និង សងប្រាក់វិញលើប្រាក់កម្ចីរបស់ធនាគារ Silicon Valley Bank (SVB) ដែលរំពឹងថា នឹងផ្ដល់ភាពងាយស្រួលដល់អតិថិជនកម្ចី។

FDIC បាននិយាយថា អ្នកដាក់ប្រាក់បញ្ញើនៅធនាគារ SVB​ នឹងត្រូវផ្ទេរមកដាក់ប្រាក់បញ្ញើនៅធនាគារ First Citizens Bank ដោយស្វ័យប្រវត្តិ ហើយ FDIC នឹងបន្ដធានាលើប្រាកបញ្ញើទាំងនោះ។ លើសពីនេះ អ្នកដែលមានប្រាក់កម្ចីពី SVB គួរតែបន្ដធ្វើការទូទាត់រួមទាំងការបង់ប្រាក់ Escrow ជាធម្មតា។

ការដួលរលំរបស់ធនាគារ SVB បានបង្កឲ្យមានបាត់បង់ទំនុកចិត្តក្នុងចំណោមអតិថិជន នៃធនាគារអាមេរិកដែលមានទំហំប្រហាក់ប្រហែលគ្នា ដោយមនុស្សជាច្រើនបានដកប្រាក់របស់ពួកគេ ហើយដាក់ប្រាក់នេះទៅក្នុងស្ថាប័នធំៗ ដែលមើលឃើញថា រដ្ឋាភិបាលដែលមិនអាចធានាបានក្នុងវិបត្តិនេះ។

ភាពចលាចលនេះក៏បានរីករាលដាលដល់ទ្វីបអឺរ៉ុប ដែលជាកន្លែងដែលអ្នកផ្តល់ប្រាក់កម្ចីស្វីស មានបញ្ហាជាមួយធនាគារ Credit Suisse ដែលត្រូវបានគ្រប់គ្រងដោយ UBS ។ ថ្មីៗនេះ ភាគហ៊ុននៅក្នុងធនាគារ Deutsche Bank ដែលមានបញ្ហាជាយូរមកហើយ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃ សុក្រ លើការកើនឡើងថ្លៃដើមរបស់អ្នកផ្ដល់កម្ចី ដែលធ្វើឲ្យមានការភ័យខ្លាចអំពីវិបត្តិក្នុងវិស័យធនាគារដែរ។

កាលពីថ្ងៃទី ១០ ខែ មីនា និយ័តករអាមេរិក បានរឹបអូសយកធនាគារ Silicon Valley Bank ដែលបង្ហាញពីក្ដីព្រួយបារម្ភមួយដល់ប្រព័ន្ធធនាគារអាមេរិក ក្រោយរឹបអូសធនាគារ SVB រយៈពេល ២ថ្ងៃ និយ័តករអាមេរិកក៏បានរឹបអូសធនាគារ Signature Bank ដែលមានមូលដ្ឋាននៅទីក្រុង ញ៉ូវយក ដែរ។

សូមជម្រាបថា ធនាគារ Silicon Valley គឺជាធនាគារដ៏ធំបំផុតទី១៦ របស់សហរដ្ឋអាមេរិក ដែលជាធនាគារផ្ដល់ប្រាក់កម្ចី ប្រាក់បញ្ញើ ដ៏សំខាន់ចាប់តាំងពីឆ្នាំ១៩៨០ បានដួលរលំបន្ទាប់ពីការដំណើរការភ្លាមៗលើប្រាក់បញ្ញើ ដែលជំរុញឲ្យនិយ័តករអាមេរិករឹបអូសការគ្រប់គ្រងគ្រប់បែបយ៉ាង ពីធនាគារឧស្សាហកម្មមួយនេះ៕

ប្រភព៖ CBS News

Share.