នៅសល់ប្រមាណ២សប្ដាហ៍ទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងមកដល់ហើយ។ ដើម្បីផ្ដល់ភាពរីករាយជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងក្រុមការងារយុវជនគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានរួមគ្នាប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តរៀងៗខ្លួន ក្នុងនោះក៏មានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យដែរ។

ទាញចេញពីជ្រុងមួយក្នុងដំណើរឆ្ពោះទៅកាន់ការរៀបចំពិធីចូលឆ្នាំបន្ទាយឆ្មារ «ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព» ក្រុមការងារសារព័ត៌មានត្រយង សូមផ្ដល់ជូនរូបភាព៧សន្លឹកថតក្នុងពេលក្រុមការងារដឹកនាំដោយលោក អុិន ទីតូ បានចុះពិនិត្យដំណើរការបំពាក់អំពូលភ្លើងលំអរពេលរាត្រី នៅតាមទីតាំងសំខាន់ជុំវិញប្រសាទបុរាណមួយនេះ។

ក្រោមការដឹកនាំរបស់ឯកឧត្តម កែ សួនសុភាព ក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ នឹងប្រារព្ធពិធីចូលឆ្នាំបន្ទាយឆ្មារ នៅបរិវេណប្រសាទបន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

កម្មវិធីកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ រួមមានការប្រកុំតន្រ្តីស្គរដៃ ការលេងល្បែងប្រជាប្រិយ៍ បណ្ដែតប្រទីប និងគោម ប្រកួតគុណល្បុកត្តោ តាំងពិពណ៌ពាណិជ្ជកម្ម ការប្រគុំតន្រ្តីចូលរួមដោយតារាល្បីៗ ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ បន្ទាយឆ្មារត្រជាក់ចិត្ត និងទស្សនីយភាពល្ខោនខោល។ នេះបើតាមការឱ្យដឹងពីក្រុមការងារគ្រប់គ្រងព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ៕

Share.