យោងតាមក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា កាលពីថ្ងៃ ពុធ ខ្យល់ព្យុះដ៏ខ្លាំងក្លាមួយបានសម្លាប់មនុស្ស ៧នាក់ ក្នុងនោះមានកុមារចំនួន ៣នាក់ នៅក្នុងប្រទេស ស៊ីរី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Xinhua នាថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ មីនា ឆ្នាំ ២០២៣។

ជនរងគ្រោះចំនួន ៦នាក់ បានស្លាប់ ដោយសារការបាក់រលំជញ្ជាំងសង្កត់លើ ដោយសារខ្យល់បោកបក់ខ្លាំង ខណៈបុរសម្នាក់ទៀតនៅខេត្ត Homs ភាគកណ្ដាលប្រទេស ស៊ីរី បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មធ្លាក់សង្កត់ពីលើ។

យោងតាមវិទ្យុ Sham FM បានឲ្យដឹងថា កំពង់ផែសមុទ្រទាំងអស់ ត្រូវបានបិទដោយសារតែព្យុះ។ គេរំពឹងថា ល្បឿនខ្យល់នឹងលើសពី ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងដកថយប្រសើរឡើងវិញនៅថ្ងៃព្រហស្បតិ៍ នេះ។

សូមជម្រាបថា អគារ និង ផ្ទះរាប់រយខ្នង បានដួលរលំនៅក្នុងការរញ្ជួយដីកាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ដោយបានវាយប្រហារប្រទេស តួកគី និង ស៊ីរី ដោយបណ្ដាលមនុស្សសរុបជាង ៥០,០០០នាក់ បានស្លាប់ ក្នុងនោះមានប្រជាជននៃប្រទេស ស៊ីរី ចំនួន ៦,០០០នាក់ បានស្លាប់៕

ប្រភព៖ Xinhua

Share.