បន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានឲ្យបងប្រុសបង្រៀនបើកឡាន ស្រាប់តែជ្រុលជាន់ហ្គា ថាហ្រ្វាំង បណ្តាលឲ្យបុករះម៉ូតូ២គ្រឿង​និងហួសចូលផ្ទះលក់ចាប់ហួយនៅមុខផ្សារ គុត្តសត បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់ស្រាល៦នាក់ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ស្ថិតមុខផ្សារគុត្តសត ក្នុងនៅភូមិគុត្តសត ក្នុងឃុំគុត្តសត ស្រុកអូរជ្រៅ ត្រូវឃាត់ខ្លួនបានហើយ។

ស្ត្រីដែលបើកបររថយន្តបុករះម៉ូតូ ហួសចូលផ្ទះលក់ចាប់ហួយ មានឈ្មោះ ដួង ផាវី អាយុ៤០ឆ្នាំរស់នៅភូមិយាយអត ឃុំគុត្តសត ស្រុកអូរជ្រៅ។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នៅចំណុចមុខផ្សារគុត្តសត មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយស្ត្រីឈ្មោះ ដួង ផាវី បានរៀនបើកបររថយន្តលុចស៊ីRX.300 ពាក់ផ្លាកលេខសៀមរាប2C.0898 ជាមួយបងប្រុសបង្កើតដែលជាអ្នកបង្រៀនបើកបរ លុះមកដល់ចំណុចកើតហេតុ បានបុករះ បណ្តាលស្លាប់១នាក់ នឹងកន្លែងនិងរបួសធ្ងន់ស្រាលចំនួន៧នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្លាប់ម្នាក់ទៀតនិងក្មេងស្រីម្នាក់របួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប។

ក្រោយកើតហេតុ មន្ត្រីនគរបាលជំនាញបានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាយជ្រាវភ្លាមៗ  រហូតឃាត់អ្នកបើកបរជាស្ត្រី យកមកកាន់អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីសាកសួរ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានឆ្លើយសាភាពថា ខ្លួនពិតជារៀនបើកបរជាមួយបងប្រុសជាអ្នកបង្រៀន ពេលបើកបរមកដល់កន្លែងកើតហេតុ ស្រាប់តែច្រឡំជាន់ហ្គា ថាហ្វ្រាំង ទើបបណ្តាលបុករះ បណ្តាលឲ្យស្លាប់មនុស្សចំនួន២នាក់ នឹងរបួស៦នាក់ពិតមែន ។

ជនរងគ្រោះបាត់បងជីវិតទី១.ឈ្មោះ សាប់ និន ភេទស្រីអាយុ៥៨ឆ្នាំ។ និងទី២.ឈ្មោះ ង៉ា ពឹមខៀង ភេទប្រុសអាយុ៤ឆ្នាំ។ ចំណែក៦នាក់ទៀត របួសធ្ងន់ស្រាល ក្នុងនោះ មានក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ​​ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ​ខេត្តសៀមរាប៕

អត្ថបទ៖ ប៉ោយប៉ែត

Share.