ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់លើកដំបូងក្នុងប្រវត្តិសាស្ត្ររយ:ពេល ៦៤ឆ្នាំ ដែល​ក្នុង​នោះ​សម្រាប់​វិញ្ញាសាបាល់ទាត់ផ្នែកបុរស នឹងមាន​ក្រុម​ចូល​រួម​ចំនួន១០ប្រទេស តែពុំមានវត្តមានក្រុមជម្រើសជាតិប្រ៊ុយណេ អាយុក្រោម២២ឆ្នាំឡើយ។

នេះមិនមែនជាលើកដំបូងឡើងដែលប្រ៊ុយណេ មិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយគឺនៅឆ្នាំ២០២២ ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ក៏ប្រ៊ុយណេ មិនបានបញ្ចូលអត្តពលិកចូលរួមដូចគ្នា។

ពិធីចាប់ឆ្នោតវគ្គចែកពូលទាំងវិញ្ញាសាបាល់ទាត់ផ្នែកបុរស, បាល់ទាត់នារី, បាល់ទះក្នុងសាល, បាល់ទះឆ្នេរខ្សាច់បុរស, បាល់ទះឆ្នេរខ្សាច់នារី, បាល់បោះបុរស, បាល់បោះនារី និងកីឡាគ្រីឃីត ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម ឆ្នាំ២០២៣ នឹងធ្វេីឡេីងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដំណាលគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្រុម​ចូល​រួម​ចំនួន១០ប្រទេស មានដូចខាងក្រោម៖
១.កម្ពុជា
២.ថៃ
៣.​ឥណ្ឌូនេស៊ី
៤.​មីយ៉ាន់ម៉ា
៥.​ម៉ាឡេស៊ី
៦.​សិង្ហបុរី
៧.​វៀតណាម
៨.ហ្វីលីពីន
៩.ទីម័រខាងកើត
១០.ឡាវ។

សម្រាប់ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ ដែលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ ម្ចាស់មេដាយមាសវិញ្ញាសាបាល់ទាត់ផ្នែកបុរស បានទៅលើក្រុមវៀតណាម ក្រោយឈ្នះថៃ ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ កីឡាដ្ឋាន My Dinh។

គួរដឹងថាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់លើកដំបូងក្នុងរយ:ពេល ៦៤ឆ្នាំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណ:កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.