ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចកម្ពុជា បានបង្ហាញព្រះរាជហឬទ័យសោមនស្សរីករាយចំពោះសមិទ្ធផលជិត៣០ឆ្នាំនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាមព្រះរាជសារដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នាឱកាសបើកបវេសនកាលនៃរដ្ឋសភា នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២៣។

«ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក៏មានហឬទ័យសោមនស្សរីករាយផងដែរ ដោយបានឃើញថាជិតសាមសិបឆ្នាំកន្លងមកនេះ គិតចាប់ពីការបោះឆ្នោតទូទៅឆ្នាំ១៩៩៣មក ប្រជាជាតិកម្ពុជាយើងសម្រេចបានការថែរក្សា ការពង្រឹងការគោរពរបបរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងបានអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ»។ នេះជាព្រះរាជសំណេរក្នុងព្រះរាជសារព្រះមហាក្សត្រ។

សូមបញ្ជាក់ថាកម្ពុជា បានរៀបចំការបោះឆ្នោតតាមគោលការប្រជាធិបតេយ្យ សេរីពហុបក្ស ចាប់តាំងពីក្រោយសម័យសង្គមរាស្រ្តនិយមជាលើកដំបូង ក្រោមការចាត់ចែងរបស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ និងរៀបចំការបោះឆ្នោតលើកទី២ដោយខ្លួនឯងនៅឆ្នាំ១៩៩៨ ហើយបន្តរហូតមកដល់បច្ចុប្បន្នរយៈពេល៦លើកហើយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

ក្រៅពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កម្ពុជាក៏បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាលើកដំបូងនៅឆ្នាំ២០០២ ដោយផ្ដល់សិទ្ធិពេញទីជូនប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំមូលដ្ឋានឃុំ សង្កាត់ដោយខ្លួន​ឯងផ្ទាល់។ ការបោះឆ្នោតនេះ គឺជាការបិទបញ្ចប់ទំព័រប្រវត្តិសាស្រ្តដែលមេឃុំ ចៅសង្កាត់ ធ្លាប់តែតែងតាំងដោយថ្នាក់លើ។

កម្ពុជាក៏ទើបតែបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥​ កាលពីឆ្នាំ២០២២កន្លងទៅ និងកំពុងឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានកត់សម្គាល់ថាឆ្លងកាត់រយៈពេលជិត៣០ឆ្នាំមកនេះ ពលរដ្ឋ និងអ្នកនយោបាយកម្ពុជា កាន់តែមានភាពចាស់ទុំខាងប្រជាធិបតេយ្យ៕

Share.