ផ្អើលអ្នកភូមិទាំងយប់ក្រោយពីបរុសម្នាក់ស្រវឹងស្រារួចដុតផ្ទះរបស់ខ្លួនដោយសារតែខឹងសុំលុយប្រពន្ធ២ម៉ឺនរៀលមិនបាន។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១កន្លះយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ មឿង ជា ភេទស្រី អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាលត្រូវជាម្តាយក្មេករបស់ជនបង្ក។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ រុន សុី ណា ហៅច្រូច ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យមានផ្ទុកសារធាតុញៀនក្នុងទឹកនោម (+)វិជ្ជមាន។

ប្រភពីពសមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នោះ បានបណ្តាលឲ្យឆេះជញ្ជាំងផ្ទះ,ឆេះទូដាក់ខោអាវ,ឆេះភួយ,បែកធុងទឹកក និងបែកចានមួយចំនួន។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា កន្លងមកជនសង្ស័យធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំបិលអប់រំធ្វើកិច្ចសន្យាចំនួន០៣លើក

-លេីកទី០១ ករណី៖ ហិង្សាដោយចេតនា

-លេីកទី០២ ករណី៖ អំពេីហិង្សាក្នុងគ្រួសារ

-លេីកទី០៣ ករណី៖ គំរាមកំហែង

នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកេីតហេតុខាងលើជនសង្ស័យបានផឹកស្រាស្រវឹងបានសុំលុយប្រពន្ធចំនួន ២០,០០០ មុឺនរៀល ដើម្បីធ្វើដំណើរទៅស្រុកកំណើតនៅស្រុកកោះធំ ខណៈពេលនោះប្រពន្ធបានឆ្លើយប្រាប់ថាគ្មានលុយទេស្រាប់តែជនសង្ស័យខឹងបានវាយបំភ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្ដាលឱ្យខូចខាតអស់មួយចំនួន រួចហើយ ជនសង្ស័យក៏បានឡើងទៅលើផ្ទះបានយកដេកកេះដុតផ្ទះបណ្ដាលឱ្យឆេះហើយត្រូវបានប្រជាពលរដ្ឋនៅជិតនោះនាំគ្នាជួយពន្លត់។

ពេលទទួលបានព័ត៌មានខាងលើនេះ ភ្លាមកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំបិល សហការជាមួយប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.