ភ្នំពេញ ៖ រោងកម្មករ កន្លែងស្នាក់នៅ ឃ្លាំងស្តុកសម្ភារៈ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង អស់សម្ភារៈ គ្រឿងបរិក្ខា ខូចខាតម៉ូតូអស់ចំនួន១១គ្រឿង ដោយសារទុស្សេខ្សែភ្លើង គ្រាដែលបងប្អូនកម្មករកំពុងតែធ្វើការងារនៅជាន់លើ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣ នៅក្នុងបរិវេណ ការដ្ឋានសំណង់របស់ក្រុមហ៊ុនសុីណូ ជូ ហ្គូ ខនស្ត្រាក់សិន អេនជីនារីង ឯ.ក ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ការដ្ឋានសំណង់ខាងលើ គ្រប់គ្រងដោយ ឈ្មោះ CAI ZHENZHONG ភេទប្រុស អាយុ៦៣ឆ្នាំ ជាជនជាតិចិន ហើយសំណង់អគារកំពុងតែសាងសង់រាល់ថ្ងៃ ។

តាមមេការកម្មករជនជាតិខ្មែរ បានឲ្យដឹងថា រោងកម្មករដែលរងនូវភ្លើងឆេះ ជាសំណង់គ្រោងដែក
ទំហំ៥,៥០ម៉ែត្រx១៥ម៉ែត្រ សង់ពីរជាន់ ប្រក់ស័ង្កសី សម្រាប់កម្មករស្នាក់នៅ និងស្តុកសម្ភារៈសំណង់ គ្រឿងបរិក្ខាអគ្គិសនី និងសម្ភារៈផ្ទាល់ខ្លួនរបស់កម្មករ ស្រាប់តែនៅវេលាម៉ោងខាងលើ បងប្អូនកម្មករ កំពុងតែធ្វើការនៅលើអគារ កំពុងសាងសង់ មិនទាន់ចប់ម៉ោងផង ស្រាប់តែទុស្សខ្សែភ្លើង ចេញពីបន្ទប់ស្នាក់នៅរបស់កម្មករ នាំគ្នាផ្អើលឆោឡោ រត់ចុះទៅយកបំពង់ពន្លត់អគ្គិភ័យ បាញ់អស់ជាច្រើនបំពង់ តែភ្លើងមិនអាចគ្របគ្រងបាន ទើបកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ ។

សម្ភារៈសំណង់ សម្ភារៈផ្ទាល់ខ្លួន ជាច្រើនត្រូវបានភ្លើងឆេះអស់ ឆេះទាំងម៉ូតូអស់ចំនួន១១គ្រឿង រងខូចខាត ។ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង ចេញទៅអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន១២រថយន្ត ភ្លើងរលត់ទៅវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.