កណ្ដាល ៖ បុរសម្នាក់បានស្លាប់កៀបជាប់រថយន្ត ចំណែកមនុស្ស៣នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តសាំយ៉ុងបើកបោះពួយល្បឿនលឿន រេចង្កូតជ្រុលបុករបងផ្ទះប្រជាពលរដ្ឋ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ។

តាមសមត្ថកិច្ចបានឲ្យដឹងដា ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ ឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។ ចំណែកមនុស្ស៣នាក់រួមដំណើរជាមួយរងរបួសធ្ងន់ ទី១ ឈ្មោះ ឃៀន ភក្ដី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង៉ែ ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ទី២ ឈ្មោះ ខិ ឆៃ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅជាមួយគ្នា ។ ទី៣ ឈ្មោះ គង់ ខ្នា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅជាមួយគ្នា ។

សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2J-1003 បើកបរដោយជនរងគ្រោះឈ្មោះ គង់ វាសនា រួមដំណើរជាមួយបងប្អូន៣នាក់ទៀត បើកតាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើងល្បឿនលឿន ដល់ចំណុចកើតហេតុ រេចង្កូតជ្រុលបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យកៀបស្លាប់អ្នកបើកបរ អ្នករួមដំណើរ៣នាក់រងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យស្រុកពញាឮ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.